ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន១២គ្រួសារ

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា និងលោកជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជា និងលោកជំទាវ ដែលសម្ដេចនិងលោកជំទាវ  និងឯកឧត្ដមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោ ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។ ជាមួយនេះដែរសម្ដេចមហាបវរធិបតី និងលោកជំទាវ លោកបានជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់  និងក្រុមគ្រួសារ សូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងគ្រប់ពេលវេលា។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលេីដីសម្បទានសង្គមកិច្ច  ត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដេីម្បីជៀសផុតពីជម្ងឺផ្សេងៗនិងខិតខំប្រកបរបរសុចរិតទៀងត្រង់  ព្រមទាំងខិតខំបង្កបង្កេីនផលដាំដំណាំ ចិញ្ចឹមសត្វ លេីដីសម្បទាន ដែលសម្តេចតេជោ  ហ៊ុន សែន នឹងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹតប៊ុនរ៉ានី ហ៊ុនសែន បានចែកជូន ដេីម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ហើយត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន១២គ្រួសារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ  ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន០១កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន០២យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ៕ដោយ វេហាស៍