ប្រធាន និងអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំបញ្ជាគ្រឿងចក្រកាយប្រឡាយ រៀបចំប្រព័ន្ធលូរំដោះទឹក ក្នុងភូមិអតីតយុទ្ធជន

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមា គមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងលោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំគ្រឿងចក្រ និងកម្លាំងកាយប្រឡាយរៀបចំប្រព័ន្ធលូរំដោះទឹក នៅក្នុងភូមិរបស់បងប្អូនអតីតយុទ្ធជន ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោល សោម ស៊ុន បានមានប្រសាសន៍ថា បងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតគ្មានដី  គ្មានផ្ទះ  បានមករស់នៅលើដីសម្បទានសង្គមកិច្ច  ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត  នៅឃុំក្រយា ស្រុកសន្ទុក នេះមានរយៈពេលជិត៣ឆ្នាំកន្លងមកហើយ។ ហើយនៅរដូវវស្សានាបណ្តាឆ្នាំកន្លងមក តាមខ្នងផ្ទះរបស់បងប្អូនអតីតយុទ្ធជនមួយចំនួន ត្រូវទឹកជនលិចបណ្ដាលឲ្យខូចខាតផលដំណាំ ។

លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងការណែនាំរបស់ក្រសួង ព្រមទាំងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ប្រធានកិត្តិយសសមាគមយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសំណូមពររបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមបតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។ ថ្ងៃនេះក្នុងនាមមន្ទីរអភិវឌ្ឍន៍ជនបទ និងក្នុងនាមអនុប្រធានគណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នឹងខិតខំពុះពារកែសម្រួលប្រព័ន្ធប្រឡាយទឹក និងរៀបចំប្រព័ន្ធលូនៅតាមខ្នងផ្ទះមួយចំនួន ដែលរងផលប៉ះពាល់បណ្ដាលឲ្យទឹកជន់លិចក្នុងរដូវវស្សាកន្លងមក ដើម្បីធ្វើយ៉ាងណាក្នុងរដូវស្សាខាងមុខនេះកុំឱ្យមានទឹកជនលិចបន្តទៅទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមអភិបាលខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ធំ ដែលជានិច្ចជាកាលតែងតែខិតខំសម្របសម្រួលដោះស្រាយទាំងថវិកាគ្រឿងចក្រ និងការកាយក្រឡាយរៀបចំប្រព័ន្ធលូរំដោះទឹកជាបន្តបន្ទាប់ជូនបងប្អូនអតីតយុទ្ធជនក្នុងពេលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ និងបានប្រគល់ថវិកាមួយចំនួនរបស់បណ្តាមន្ទីរដែលជាសម្ព័ន្ធមេត្រីភាពដល់តំណាងបងប្អូនអតីតយុទ្ធជនដើម្បីទិញលូបន្តរៀបចំតាមមុខផ្ទះរបស់បងប្អូនអតីតយុទ្ធជនផងដែរ ៕