ខេត្តកែប៖ ផ្លូវប្របមាត់សមុទ្រ ដែលមានប្រវែង ជាង១២គីឡូម៉ែត្រ ស្ថាបនាពីទីក្រុងកែប ចំណុចផែកោះទន្សាយ ឆ្ពោះទៅតំបន់អង្កោល កាត់តាមបណ្តោយមាត់សមុទ្រ បើគិតមកទល់ពេលនេះ បានសម្រេចការស្ថាបនារបស់ខ្លួនក្នុងលទ្ធផលប្រមាណ៩៥%ហើយ បើតាមគម្រោងផ្លូវនេះនឹងសម្រេចរួចរាល់ជាស្ថាពរនាពេលឆាប់ៗនេះហើយ។
នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងពេលដែលលោកអញ្ជើញចុះទៅពិនិត្យដំណើរការក្រាលបេតុងផ្លូវជិះកង់ និងថ្មើរជើង នៃគម្រោងស្ថាបនាផ្លូវប្របមាត់សមុទ្រ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ដែរថា ផ្លូវនេះជាការស្ថាបនាថ្មីសុទ្ធសាទ តាមរយៈការចុះដោះស្រាយផលប៉ះពាល់នានា ដែលជាប់គាំងប្រមាណជាង៦ឆ្នាំ រហូតមានការស្រុះស្រួលគ្នារវាងពលរដ្ឋ និងអាជ្ញាធរ ទើបយើងទទួលបានសមិទ្ធផលថ្មីដូចពេលនេះ ហើយបច្ចប្បន្នយើងឃើញថា ការក្រាលកៅស៊ូបានសម្រេចរួចរាល់ ហើយការស្ថាបនាផ្លវូថ្មើរជើងនិងជិះកង់ក៏ជិតរួចរាល់ហើយដែរ។
ឯកឧត្តមបានបន្ថែមថា ការស្ថាបនាផ្លូវដែលជាសសៃឈាមទេសចរណ៍ដ៏មានសារៈសំខាន់នេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន រហូតមកដល់អាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលលោកតែងតែជំរុញអោយទូទាំងរាជធានីខេត្ត ពង្រីកនូវសក្តានុពលទេសចរណ៍របស់ខ្លួន តាមរយៈការខិតខំរួមគ្នារបស់ថ្នាក់ដឹកនាំ ខេត្តកែបរបស់យើងបានលេចចេញនូវសមិទ្ធផលធំៗជាច្រើន ដែលសមិទ្ធផលទាំងនោះ បានរួមចំណែកទាញចំណូលបន្ថែមដល់បងប្អូនប្រជាពលរដ្ឋរបស់យើងអោយកាន់តែមានជីវភាពធូរធារ៕ សេង ណារិទ្ធ