កំពង់ធំ÷ ឯកឧត្តម ព្រហ្ម ដូលីន អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ លោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរឧស្សាហកម្មខេត្ត និងមន្ត្រីរាជការក្រុងស្រុកទាំងអស់ បានអញ្ជើញចូលរួមក្នុងកម្មវិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ខេត្តកំពង់ធំ ព្រមទាំងជំរុញដល់មន្ត្រីទាំងអស់ត្រូវតែខិតខំអនុវត្តការងារនៅក្នុងអង្គភាពឲ្យមានការរីកចម្រើនបន្តទៀត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
លោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ បានលើកឡើងថា ឆ្នាំនេះអ្នកធ្វើអាជីវកម្មសេវាកម្មមានសកម្មភាពជាប្រក្រតី ប្រេងឥន្ធនៈមានតម្លៃខ្ពស់ ទំនិញជាច្រើនមុខនៅតែមានថ្លៃខ្ពស់ ពិសេសបន្លែ ត្រី សាច់ ម្ហូបអាហារ។ ការងារចុះបញ្ជី និងបន្តវិញ្ញាបនបត្រអនុញ្ញាតឲ្យដំណើរការចំពោះអាជីវកម្មបង្កើតថ្មី និងអស់សុពលភាព មានសកម្មភាពកើនឡើង គម្រូផលិតផលជាច្រើនបានយកទៅវិភាគគុណភាព នៅមន្ទីរពិ សោធន៍ ដៃបាញ់ប្រេងឥន្ធនៈភាគច្រើនត្រឹមត្រូវតាមកម្រិតលម្អៀងអនុញ្ញាត ចំពោះការងារទឹកស្អាត ធ្វើការកែសម្រួលបច្ចេកទេសផលិតកម្មកាន់តែប្រសើរ ដល់អង្គភាពរដ្ឋាករទឹកទាំងបីក្នុងខេត្ត ចូលរួមសហប្រតិបត្តិការល្អជាមួយអង្គការICS ប្រចាំប្រទេសកម្ពុជា បានថវិកាដាក់បំពង់ទឹកបន្ថែម នៅរដ្ឋាករទឹកតាំងក្រសាំង និងស្ទោង និងបានទំនាក់ទំនងជាមួយអ្នកវិនិយោគក្នុងស្រុកសាងសង់ស្ថានីយផលិតទឹកស្អាត នៅតាមទីប្រជុំជនឃុំសំខាន់ៗ។
ថ្លៃនៅក្នុងកម្មវិធីនេះឯកឧត្តម ព្រហ្ម ដូលីន បានមានប្រសាសន៍ថា គ្រប់ការិយាល័យត្រូវត្រួតពិនិត្យអនុវត្តការងារអាទិភាពឆ្នាំ២០២៤គឺ ជំរុញម្ចាស់សហគ្រាស និងសិប្បកម្ម ផលិតចំណីរអាហារឲ្យចូលរួម ចលនាភូមិ១ មួយផលិតផលមួយ អនុវត្តក្បួនផលិតកម្មល្អ អនាម័យល្អ ប្រមូល និងចងក្រងសិប្បកម្មកែច្នៃត្រី នៅស្រុកស្ទោង ក្នុងការ ផលិតផលមានអនាម័យ មានគុណភាព និងសុវត្ថិភាព ធានាបានដល់អ្នកប្រើប្រាស់។ ធ្វើបច្ចុប្បន្នភាពទិន្នន័យ រោងចក្រ សហគ្រាស និងសិប្បកម្ម មានទិន្នន័យច្បាស់លាស់ លើកទឹកចិត្តដល់រោងចក្រ សហគ្រាស និងសិប្បកម្ម ក្រៅពីសមត្ថកិច្ចដឹកនាំរបស់ក្រសួង ផ្តល់ទិន្នន័យ ចុះបញ្ជី និងផ្តល់របាយការណ៍មកមន្ទីរ និងក្រសួងឱ្យបានទាន់ពេលវេលា។
ជាចុងក្រោយឯកឧត្តម ព្រហ្ម ដូលីន អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ជំរុញឲ្យមន្ត្រីរាជការទាំងអស់ ចុះពិនិត្យតាមដាន និងធ្វើអធិការកិច្ចការងារទឹកស្អាត នៅតាមស្ថានីយ៍ផលិតទឹកស្អាតឯកជន បណ្ដុះបណ្តាលការងារគ្រប់គ្រង និងបច្ចេកទេស ដល់ម្ចាស់ស្ថានីយផលិតទឹកស្អាត លើកទឹកចិត្តការអនុវត្តស្តង់ដារូបនីយកម្ម ដើម្បីធានានូវគុណភាព សុវត្ថិភាពផលិតផល និងសុខុមាលភាពសាធារណៈ ធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវនៃឧបករណ៍មាត្រាសាស្ត្រ ទំនិញផលិត និងទំនិញវេចខ្ចប់ ធ្វើការត្រួតពិនិត្យតាមដានលើការប្រើប្រាស់ និងដាក់តាំងសម្រាប់លក់នូវឧបករណ៍មាត្រាសាស្ត្រ៕ ដោយ លោក ធូ កែវមុន្នី