លោក តាន់ វាសនា បានចុះពិនិត្យដល់ការដ្ឋានគម្រោងកសាងផ្លូវ មានប្រវែង១៣គីឡូម៉ែត្រម៉ែត្រ ជាប្រភេទផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ ងាយស្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព

0

កំពង់ធំ៖ លោក តាន់ វាសនា ប្រធានមន្ទីរស្ដីទី អភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យដល់ការដ្ឋានគម្រោងកសាងផ្លូវបេតុងសរសៃដែក និងក្រាលកៅស៊ូមួយខ្សែ ស្ថិតនៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

 លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានឱ្យដឹងថា ៖ ផ្លូវដែលត្រូវបានកំពុង់ស្ថាបនានេះមានប្រវែង១៣ គីឡូម៉ែត្រម៉ែត្រ ជាប្រភេទផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព។  ផ្លូវមួយខ្សែដែលស្ថាបនានេះ ពីមុនជាផ្លូវក្រាលគ្រួសក្រហម ពេលដល់រដូវវស្សា ពិបាកក្នុងការធ្វេីដំណេីរ ជាពិសេសសិស្សានុសិស្ស និងប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរទៅមក  និងក្នុងការដឹកជញ្ជូនកសិផលផ្សេងៗដើម្បីទៅលក់នូវទីផ្សារពុំមានសុវត្ថិភាពនោះឡើយ។

នាឱកាសនោះ លោក តាន់ វាសនា បានថ្លែងថា ផ្លូវនេះអាចចាត់ទុកជាផ្លូវមួយមានសារៈសំខាន់ ព្រោះវាមានការតភ្ជាប់ពីភូមិមួយទៅភូមិមួយ និងពីស្រុកមួយទៅស្រុកមួយទៀត ដើម្បីងាយស្រួលក្នុងការសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាការសម្រួលធ្វើឱ្យប្រសើរឡើង ទាំងសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានក្រុង សម្រាប់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវនេះ។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ និងអ្នកទទួលសាងសង់ធ្វើយ៉ាងណាសហការគ្នាឱ្យបានល្អ ក្នុងដំណើរការសាងសង់ឱ្យបានល្អ ប្រកបដោយលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ មានគុណភាព មានលក្ខណៈស្តង់ដាខ្ពស់ ហើយបង្កើនការជំរុញ អនុវត្តឱ្យបានឆាប់ចប់ទៅតាមគោលផែនការដែលបានគ្រោងទុក។

ជាមួយគ្នានោះប្រជាពលរដ្ឋបានសម្តែងនូវក្តីសាទរសប្បាយរីករាយនៅពេលបានផ្លូវបេតុង ងាយស្រួលដល់ពួកគាត់ធ្វេីដំណេីរប្រកបរបរកស៊ី មិនភ័យព្រួយនៅរដូវវស្សា មានទឹកដក និងរអិលទៀតទេ។ ជាក់ស្តែងពួកគាត់ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ បានស្ថាបនាផ្លូវជាច្រេីនខ្សែ ច្រេីនម៉ែត្រសម្រាប់ប្រជាពលរដ្ឋបានធ្វេីដំណេីរស្រួល តាមទីជនបទ ដែលបានកែប្រែពីផ្លូវដី ទៅជាគ្រួសក្រហម បេតុង និងក្រាលកៅស៊ូជាដេីម៕ អត្ថបទលោក ឆាត វ៉ិត