លោកជំទាវ ម៉ែន នារីសោភ័គ និងលោកជំទាវ លំ គន្ធារី អញ្ជេីញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ស្ត្រីទេីបសម្រាលកូនរួច និងត្រៀមសម្រាលកូននៅមណ្ឌលសុខភាពព្រៃប្រស់

0

កំពង់ធំ÷ នៅរសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា ជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ និងលោកជំទាវ លំ គន្ធារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានអញ្ជេីញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ស្ត្រីទេីបសម្រាលកូនរួច និងត្រៀមសម្រាលចំនួន ២៣នាក់ នៅមណ្ឌលសុខភាពព្រៃប្រស់ ដែលស្ថិតក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី -ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញេីសួរសុខទុក្ខ និងសារអប់រំសុខភាពស្តីពី អត្ថប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច ៤ដង មុនពេលសម្រាលការទទួលទានអាហារូបត្ថម្ភ បន្លែធម្មជាតិ ដេីម្បីសុខភាពល្អទាំងម្តាយនិងទារកក្នុងផ្ទៃ, កុំបរិភោគផ្អែមពេក-ប្រៃពេក ដែលអាចបង្កជាជំងឺផ្សេងៗ ដដូចពាក្យចាស់ពោលថា(ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី)(ការពារប្រសេីរជាងព្យាបាល) (ញាំអាហារជាថ្នាំ កុំញាំថ្នាំជាអាហារ)ជាដេីម។ ទន្ទឹមនឹងនេះ សូមក្មួយៗបំបៅកូនដោយទឹកដោះម្តាយ ដេីម្បីកូនមានសុខភាពល្អ ធន់នឹងជំងឺផ្សេងៗ, បន្តពិនិត្យសុខភាពក្រោយពេលសម្រាល ចាក់វ៉ាក់សាំង បង្ការដល់ទារក ចំណែកឯម្តាយត្រូវចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ជាដេីម។ ស្ត្រីជាមាតាទាំងអស់ត្រូវរស់នៅមានអនាម័យ ផឹកទឹកឆ្អិន បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ អាហារូបត្ថម្ភត្រឹមត្រូវ និងថែទាំសុខភាពឱ្យបានល្អ។

លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាព ព្រៃប្រស់ ដែលបានយកអស់កម្លាំងកាយចិត្ត មេីលថែទាំប្រជាពលរដ្ឋទាំងអស់ដែលមកទទួលសេវានៅក្នុងមណ្ឌល បានយ៉ាងល្អប្រសេីរ និងប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវផងដែរ។

ស្ត្រីជាមាតាទាំង ២៣គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ដែលបានចុះអប់រំ និងក្រេីនរំលឹកពីសារអប់រំសុខភាព ព្រមទាំងបានផ្តល់អំណោយជួយសម្រាលការលំបាក ដល់ពួកគាត់នាពេលនេះ។

អំណោយត្រូវបានចែកជូនដោយក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម អង្ករសុខភាព២គីឡូក្រាម មី០១កេស ត្រីខ ១០កំប៉ុង ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ ឃីត(មុង ភួយ សារុង ក្រមា) ១កញ្ចប់ កន្សែងពោះគោ ១ សាប៊ូដុសខ្លួន ២ដុំ និងថវិកា ២ម៉ឺនរៀល៕ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប