ប្រកាសទទួលស្គាល់សមាសភាពសហភាពសហព័ន្ធយុវជនកម្ពុជា នៅស្រុកស្ទោង ខេត្តកំពង់ធំ ចំនួន៣១៤នាក់

0

 កំពង់ធំ÷ ឯកឧត្ដម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំឯកឧត្ដម លី វេត អភិបាលរងខេត្ត ជាអនុប្រធានគណៈកម្មាធិការ ស.ស.យ.ក. លោក សាយ គឹមឡម  អភិបាលស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពសហភាពសហព័ន្ធយុវជនកម្ពុជា នៅស្រុកស្ទោង ខេត្តកំពង់ធំ ចំនួន៣១៤នាក់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

ជាមួយគ្នានេះលោក សាយ គឹមឡម ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង បានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពរបស់ ស ស យ ក ស្រុកស្ទោង ដែលបានស្ម័គ្រចិត្ត និងលះបង់គ្រប់បែបយ៉ាង ក្នុងការធ្វើកិច្ចការសង្គម មនុស្សធម៌ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងមកដោយមិនខ្លាចនឿយហត់ អស់ពីបេះដូង ដើម្បីឱ្យមានការរីកចម្រើននៅក្នុងស្រុកស្ទោងទាំងមូល។

ទន្ទឹមនឹងនេះឯកឧត្ដម ជា វ៉ាន់ចាន់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់សកម្មភាពរបស់ស ស យ ក ស្រុកស្ទោង ដែលពិតជាកាឆ្លុះបញ្ចាំងអំពីភាពខិតខំប្រឹងប្រែង ភាពលះបង់ទាំង សម្ភារ ថវិកា ព្រមទាំងមនសិការ ដ៏មោះមុតក្លាហានក្នុងការស្ម័គ្រចិត្ត និងជាគម្រូល្អដល់យុវជន ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដើម្បីបុព្វហេតុរួម ការអភិវឌ្ឍ និងសុខសន្តិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ជាចុងបញ្ចប់ ឯកឧត្ដម ជា វ៉ាន់ចាន់ បានជំរុញលើកទឹកចិត្តដល់ក្រុមការងារ ស ស យ ក ទាំងអស់ ត្រូវខិតខំពង្រឹង និងពង្រីករចនាសម្ព័ន្ធ ឱ្យមានវិសាលភាពការងារឱ្យកាន់តែមានដោយគុណភាព បន្តបេសកកម្មកិច្ចការសង្គម មនុស្សធម៌ វប្បធម៌ សិល្បៈ អប់រំ កីឡា  អនាម័យ បរិស្ថាន ឱ្យបានទាន់ពេលវេលា ហើយសមស្របទៅតាមសសរស្តម្ភរបស់សហភាពសហព័ន្ធយុវជនកម្ពុជា មានទំនួលខុសត្រូវខ្ពស់ និងអនុវត្តរាល់ភារកិច្ច និងការងារដែល
ស.ស.យ.ក.ខេត្ត បានដាក់ជូន ព្រមទាំង កៀរគរមូលធន ដើម្បីចូលរួមគាំទ្រសព្វបែបយ៉ាង ក្នុងការបន្តកិច្ចការ ស ស យ ក ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលជាការចូលរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការលើកកម្ពស់ខឿនសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា សមាសភាពដែលប្រកាសនៅពេលនេះសរុបរួមចំនួន៣១៤នាក់ ដែលក្នុងនោះមានសមាសភាពស្រុក៤២នាក់ និងមកពីឃុំចំនួន១០មានឃុំ(កំពង់ចិនជើង កំពង់ចិនត្បូង ម្សាក្រង ប្រឡាយ ព្រះដំរី ទ្រា រុងរឿង ចំណារលើ បន្ទាយស្ទោង និងឃុំពពក)ក្នុងស្រុកស្ទោងផងដែរ។អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយ-អ៊ុមញឹប