បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗមាន៣ចំណុចសំខាន់ៗ និងប្រគល់ភារកិច្ចជូនកងកម្លាំង 

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤
នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិថ្មីៗ  ដែលកើតមានឡើង និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយពីដំណើរការបំពេញបេសកកម្មនៅក្រៅប្រទេស ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងនិងពង្រីកការទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្ដាប្រទេសនានា ក្នុងតំបន់  និងនៅលើពិភពលោក ក្នុងការគៀងគររកដែគូរវិនិយោគទុន មកវិនិយោគនៅកម្ពុជា ដើម្បីប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត និងប្រជាជនមានការងារធ្វើទទួលបានប្រាក់ចំណូលខ្ពស់។

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន  ក៏បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន មានជាអាទិ៍÷ ១.ត្រូវបន្តពង្រឹងឆន្ទៈមោះមុតដាច់ខាត ក្នុងការការពារជាតិ ការពារបូរណភាពទឹកដី និងគាំទ្រការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត  និងការពារឲ្យបានសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត។ ២.បន្តពង្រឹងវិន័យ របស់កងទ័ព គោរពអនុវត្តឱ្យបានច្បាប់និងលក្ខន្តិកៈទូទៅ របស់កងយោធពលខេមរភូមិន្ទ ។ រួមគ្នាប្រឆាំង និងទប់ស្កាត់ឱ្យបានដាច់ខាតការប្រើប្រាស់គ្រឿងញៀន នៅក្នុងកងយោធពលខេមរភូមិន្ទ ព្រមទាំងចូលរួមអប់រំដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋ ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ ។

៣.រៀបចំផែនការសហប្រតិបត្តិការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី តាមការណែនាំរបស់ បញ្ជាការដ្ឋានយោធភូមិភាគទី៤ និងក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនគណបក្សនយោបាយនានា និងអង្គបោះឆ្នោត ព្រមទាំងប្រជាពលរដ្ឋ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានៅពេលខាងមុខ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឲ្យទទួលបានជោគជ័យ៕ដោយ វេរហាស៍