ត្បូងឃ្មុំ : អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បាន សូមចូលរួម ត្រេកអរ អបអរសាទរ ចំពោះសមិទ្ធផលជាច្រើន ដែលកំពុងកើតឡើងនៅក្នុងស្រុកត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស ។ ដូច្នេះ សូមបន្តចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីធានាបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពិសេសការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ថ្លែង បែប នេះ ក្នុង ឱកាស អញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា នៅក្នុងវត្តជោតនារាម (ហៅវត្តពាមចក) តម្លៃប្រមាណជាង ២១ម៉ឺនដុល្លា ស្ថិត ក្នុង ភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ ។
មានប្រសាសន៍ ក្នុង ឱកាស នោះ ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា វិស័យសាសនា អាចរីកលូតលាស់ទៅបានអាស្រ័យដោយមានការដឹកនាំគ្រប់គ្រងរបស់ព្រះចៅអធិការ, ព្រះតេជគុណព្រះសង្ឃ, គណៈគ្រប់គ្រង-អាចារ្យវត្ត ជាពិសេសការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ។ ការរក្សាបាននូវស្មារតីសាមគ្គីភាព និងវប្បធម៌ចែករំលែក ក្នុងការកសាងអភិវឌ្ឍមូលដ្ឋាន និងស្រុកកំណើតរបស់ខ្លួន គឺពិតជាកត្តារួមចំណែកដ៏ធំធេងក្នុងការជួយដល់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ប្រជាជន ទាំងលើការផ្តល់សេវាសាធារណៈ និងការគិតគូរយកចិត្តទុកដាក់អំពីសុខភាពផ្លូវចិត្ត តាមរយៈការបង្ក លក្ខណៈដល់ការគោរពបដិបត្តិគ្រប់សាសនា ទៅតាមជំនឿរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងបរិយាកាសអំណោយផលនៃសុខសន្តិភាព, សិទ្ធិសេរីភាព និងជីវភាពល្អប្រសើររបស់ប្រជាជន ។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បាន បន្តថា សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា នៅក្នុងវត្តជោតនារាម ហៅវត្តពាមចក ដែលបានប្រារព្ធឡើងនាឱកាសនេះ គឺជាសមិទ្ធផលថ្មី ដែលបង្ហាញឱ្យឃើញពីការរីកចម្រើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់នេះ គឺ ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យប្រកប ដោយចីរភាព និងបរិយាប័ន្ន។
បើតាមរបាយការណ៍របស់លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ៖ សមិទ្ធផលដែលត្រូវសម្ពោធនាពេលនេះ រួមមាន មហាកុដិ១ខ្នង ខ្លោងទ្វារចំនួន២ កុដិឈើ ចំនួន១ ផ្លូវបេតុង បន្ទប់ទឹក ចាក់ដីក្នុងវត្ត៣៥០០ឡាន របងវត្តព័ទ្ធជុំវិញ ប្រវែង៤៣០ម៉ែត្រ ជណ្ដើរឧបដ្ឋានសាលាចំនួន១ តញ៉ាបឧបដ្ឋានសាលាទំហំ១០២ម៉ែត្រ សរុបការសាងសងចំណាយថវិកាចំនួន២១៩.៥៨២ដុល្លា៕