ឯកឧត្តម ព្រឹម រដ្ឋា អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់គម្រោងគាំទ្រដល់អាជ្ញាធរមូលដ្ឋាន លើការលើកកម្ពស់លទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ នៅក្នុងឃុំតាំងក្រសៅ

0

កំពង់ធំ÷ ឯកឧត្ដម ព្រឹម រដ្ឋា អភិបាលរងខេត្ត  ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារគម្រោង គ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន ឯកឧត្ដម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល លោក ដេវីត តំណាងឲ្យទីភ្នាក់ងារទឹកបារាំង លោក គ្រីសស្បង់ សាកូនី តំណាងឱ្យទីភ្នាក់ងារទឹកបារាំង លោក ផេង គា នាយកប្រតិបត្តអង្គការទឹកភ្លៀងកម្ពុជា  ឯកឧត្តម លោកជំទាវ លោក លោកស្រី សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ភោធដាក់ឱ្យប្រើប្រាស់គម្រោងគាំទ្រដល់អាជ្ញាធរមូលដ្ឋាន លើការលើកកម្ពស់លទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ នៅក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែមករាឆ្នាំ២០២៤។

លោក ផេង គា នាយកប្រតិបត្តិអង្គការទឹកភ្លៀងកម្ពុជាបានលើកឡើងពីប្រវត្តិក្នុងការសាងសង់ស្ថានីយផលិតទឹកស្អាតគឺ រយៈពេលនៃការអនុវត្តគម្រោងចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៣ ស្ថានីយទឹកស្អាត បានចាប់ផ្ដើមដំណើរការសាងសង់បើកការដ្ឋានសាងសង់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លទ្ធភាពអាចប្រើប្រាស់ទឹកបានចំណុះ៤៥ម៉ែត្រគូប បូមទឹកប្រើប្រាស់ដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) មានកម្ពស់១៨ម៉ែត្រ និងអាចផ្គត់ផ្គង់ទឹកស្អាតតាមរយៈ ការចែកចាយទុយោគ្របដណ្តប់ចំនួន៣ភូមិ រួមមាន ភូមិតាំងក្រសៅ ព្រៃក្ដី និងភូមិថ្មី។ ស្ថានីយទឹកស្អាតនេះអាចផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់បានរហូត៣០០គ្រួសារ សម្ម្រាប់ជំហានដំបូង។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ព្រឹម រដ្ឋា បានលើកឡើងថា រហូតមកដល់ឆ្នាំ២០២៣នេះ ស្ថានីយផលិតទឹកស្អាតមានចំនួន៧ ដែលទទួលបានតាមរយភាគីបារាំង បើទោះបីជាមិនទាន់មានដំណើការរលូនក៏ដោយ ក៏ភាគីបារាំងនៅតែបានផ្តល់ជំនួយក្នុងការ បង្កើតសមាគមទឹកស្អាតអាងស្ទឹងសែន ដើម្បីឱ្យមានភាពរលូនឡើងវិញក្នុងរយៈពេលខាងមុខនេះ ។ ដើម្បីស្វែងយល់ពីស្ថានភាពរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទឹកស្អាត ស្វែងយល់ពីប្រភពទឹកសំខាន់ៗដែលប្រជាពលរដ្ឋប្រើប្រាស់នាពេលបច្ចុប្បន្ន និងការស្វែងយល់អំពីការ គាំទ្រកាប្រើប្រាស់ទឹកស្អាត អនាម័យ របស់អង្គភាពនានា ក្នុងខេត្តកំពង់ធំ ។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានបន្តទៀតថា សមិទ្ធផលដែលទទួលបាននេះ ជាចំណែកមួយដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងចូលរួម ក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបានប្រើប្រាស់ទឹកស្អាត មានអនាម័យ និងការពារពីការឆ្លងជំងឺរាតត្បាតផ្សេងៗ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

ជាចុងក្រោយឯកឧត្តម ព្រឹម រដ្ឋាភិបាលរងខេត្តកំពង់ធំ បានលើកទឹកចិត្តដល់ម្ចាស់គម្រោងការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែនបានខិតខំក្នុងការធ្វើការសិក្សា តាមដានលើការប្រើប្រាស់ទឹកស្អាតក្នុងអាងស្ទឹងសែន លើអាជីវកម្មទឹក ប្រភពទឹក និងគុណភាពនៅតាមបណ្តាភូមិ ឃុំ ក្នុងខេត្តកំពង់ធំ ។ គម្រោងបានគ្រប់គ្រងលើស្ថានីយទឹកស្អាត អណ្តូង បង្គន់អនាម័យ តាមភូមិ។ ទន្ទឹមនឹងនេះ វិស័យឯកជន សប្បុរសជន និងអ្នកពាក់ព័ន្ធ នៅតែដើរតួយ៉ាងសំខាន់ក្នុងការជួយ កាត់បន្ថយអាត្រាឆ្លងជំងឺ តាមរយៈការប្រើប្រាស់ទឹកមិនស្អាត គ្មានអនាម័យ ដែលជាប្រភពនៃការចម្លង មេរោគទៅលើប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកមិនស្អាត និងចូលរួមចំណែកក្នុងការលើកកម្ពស់ការរស់នៅ របស់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា៕ អត្ថបទដោយ លោកធូ កែវមុន្នី