កិច្ចប្រជុំបូកសរុបសកម្មភាពការងារឆ្នាំ២០២៣ និងលើកទិសដៅសកម្មភាពបន្តឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ

0

ដោយ វេហាស៍
កំពង់ធំ÷ នៅព្រឹកថ្ងៃអង្គារ៍ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាបានបើកកិច្ចប្រជុំបូកសរុបសកម្មភាពការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា  ព្រមទាំងសមាជិកសមាជិកាគណៈកម្មាធិការសាខា ប្រធានអនុប្រធានគណៈកម្មាធិការអនុសាខាក្រុង/ស្រុកទាំង៩ រួមនឹងមន្រ្តីប្រតិបត្តិសាខាអនុសាខាផងដែរ។

ឯកឧត្តមប្រធានបានមានប្រសាសន៍ថា កាលពីឆ្នាំ២០២៣កន្លងមកនេះ ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងការចង្អុលបង្ហាញផ្ទាល់ពីគណៈកម្មាធិការសាខា អនុសាខាទំាង៩ ព្រមទាំងមានការគាំទ្រជាថវិកា និងសម្ភាររបស់សប្បុរសជនទាំងក្នុង និងក្រៅខេត្ត ញុំាងឱ្យកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ធំ បានបំពេញបេសកកម្មរបស់ខ្លួន ស្របតាមទិស យុទ្ធសាស្រ្តឆ្នាំ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ពោលគឺ (ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកអ្នក ណាម្នាក់ចោលឡើយ) ។

ក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ ដែលអានដោយឯកឧត្តម ជា វ៉ាន់ចាន់ លេខាធិការនៃគណៈកម្មាធិការសាខា បានបង្ហាញថា៖ ពេញមួយឆ្នាំ២០២៣កន្លងនេះ កាកបាទក្រហម កម្ពុជាខេត្តកំពង់ធំ បានធ្វើការឆ្លើយតបជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះ សរុបទូទាំងខេត្តចំនួន១,១៥៣គ្រួសារ ដែលអំណោយមនុស្សធម៌មាន÷ ថវិកា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវត្រីខកំប៉ុង ឃីត(មុង សារុង ក្រមា ភួយ) កន្ទេល ឃីតកូនក្មេង កៅស៊ូតង់ ឆ្នាំង ធុងទឹក សម្ភារផ្ទះបាយជាដើម។ ជនរងគ្រោះ និងងាយរងគ្រោះទំាងនោះរួមមាន៖ ភ្លើងឆេះផ្ទះ ខ្យល់កន្រ្តាក់រលំផ្ទះររបើកដំបូល ស្លាប់ដោយលង់ទឹក ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ដោយសារគ្រាប់មិនទាន់ផ្ទុះពីសង្រ្គាម រន្ទះបាញ់ស្លាប់ គ្រួសារក្រីក្រមានជំងឺ ស្រ្តីមេម៉ាយជនចាស់ជរាគ្មានទីពឹង ស្រ្តីមានផ្ទៃពោះ  ស្រ្តីទើបឆ្លងទន្លេ និងករណីផ្សេងៗទៀត។

ជាទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលមានក្រុមប្រតិបត្តិសាខា អនុសាខាទាំង០៩ក្រុង/ស្រុក ត្រូវបន្តអនុវត្តតាមផែនការសកម្មភាពរបស់ខ្លួនដែលបានដាក់ចុះ គឺស្របតាមវិស័យអាទិភាពទាំង៤របស់កាកបាទក្រហមកម្ពុជា÷ ទី១.ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ទី២.សុខភាព និងការថែទាំសុខភាព ក្នុងសហគមន៍ ទី៣. ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងទី៤. ការអភិវឌ្ឍស្ថាប័ន។

ក្នុងមតិផ្តំាផ្ញើចុងនៃកិច្ចប្រជុំ ឯកឧត្តម ងួន រតនៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ បានជំរុញឲ្យគ្រប់អនុសាខាទាំងអស់ ដែលមានក្រុមកាកបាទក្រហមទាំង៨១ឃុំ/សង្កាត់ ជាពិសេស អ្នកស្ម័គ្រចិត្តកាកបាទក្រហមដែលជាឆ្នឹងខ្នងមាននៅគ្រប់ភូមិទាំងអស់ ត្រូវបន្តរុករកឲ្យឃើញនូវ ជនងាយរងគ្រោះ និងរងគ្រោះទាំងឡាយនៅគ្រប់មូលដ្ឋានរបស់ខ្លួនអោយបានច្បាស់លាស់ ដោយមិនទុកឱ្យពួកគាត់រងគ្រោះដោយសារយើងមិនបានដឹងនោះទេ។ បន្ថែមពីលើនេះទៀត ឯកឧត្តមប្រធានក៏បានថ្លែងអំណរគុណដល់ជួរគណៈកម្មាធិការសាខា អនុសាខា មន្រ្តីប្រតិបត្ត អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ជាពិសេសប្បុរសជនទាំងក្នុងនិងក្រៅខេត្តទាំងអស់ ដែលបានលះ បង់កម្លាំងកាយចិត្ត និងធនធានប្រកបដោយទឹកចិត្តសប្បុរសធម៌ ដើម្បីសាខាកាកបាទក្រហមខេត្ត មានលទ្ធភាពបន្តជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅទូទាំងខេត្តកំពង់ធំ។

គួរបញ្ជាក់ថា៖ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ខេត្តកំពង់ធំបានទទួលរងនូវគ្រោះមហន្តរាយ ផ្សេងៗជាច្រើន ជាពិសេសគ្រោះទឹកជំនន់ ដោយសារភូមិសាស្រ្តខេត្តមានស្ទឹងសែនដែលជាស្ទឹងវែង និងធំជាងគេក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរ សាខាកាកបាទក្រហមខេត្ត បានធូរស្រាលមួយ អន្លើរ ដោយសារជំនួយឧបត្ថម្ភដែលគ្រួសាររងគ្រោះ និងងាយរងគ្រោះបានទទួល គឺបានពី គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិនិងថ្នាក់ខេត្ត៕