សុវត្តិភាពនិងការទប់ស្កាត់ការលួចនាំរបស់របរហាមឃាត់ចេញ-ចូលប្រទេសត្រូវបានបង្កើនឡើងបន្ទាប់ពីទទួលបានម៉ាស៊ីនអ៊ិចសារ៉េ ចំនួន២គ្រឿង ជាអំណោយរបស់ប្រទេសជប៉ុន

0

ដោយ៖ឃិន គន្ធា

បន្ទាយមានជ័យ៖ សុវត្តិភាពនិងការទប់ស្កាត់ការលួចនាំរបស់របរហាមឃាត់ចេញ-ចូលប្រទេសត្រូវបានបង្កើនឡើងបន្ទាប់ពីទទួលបានម៉ាស៊ីនអ៊ិចសារ៉េ ចំនួន២គ្រឿង ជាអំណោយរបស់ប្រទេសជប៉ុន ត្រូវបានប្រគល់ជូនដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ការប្រគល់ទទួលនេះ ប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅមាត់ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្រោមការចូលរួមពីលោក SHINOHARA HIDEKI (ស៊ីណូហារា ហីឌីគិ) ប្រធានប្រតិបត្តិការស៊ើបអង្កេតអន្តរជាតិ នៃនាយកដ្ឋានឧក្រិដ្ឋកម្ម អគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន និងទទួលស្វាគមន៍ដោលោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត នាយប៉ុស្តីស្តីទី ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។

លោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត នាយប៉ុស្តីស្តីទី ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ជាការផ្តាំផ្ញើពីសំណាក់លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត សូមថ្លែងអំណរអរគុណដល់រដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាពលរដ្ឋជប៉ុន ដែលតែងគាំទ្រនិងជួយដល់កម្ពុជាជាច្រើនវិស័យ។

ឆ្លើយតប ទៅនឹងការទទួលស្វាគមយ៉ាងកក់ក្តៅពីសំណាក់នគរបាលកម្ពុជា លោក SHINOHARA HIDEKI (ស៊ីណូហារា ហីឌីគិ) សង្ឃឹមថា ម៉ាសុី អ៊ិចសារ៉េ ចំនួន០២គ្រឿងនេះ នឹងជួយដល់កម្ពុជាបានយ៉ាងច្រើន ក្នុងការទប់ស្កាត់នូវបទល្មើសនានា ដូចជាការជួញដូរអាវុធ ការចរាចរគ្រឿងញៀន និងរូបបីយប័ណ្ណឆ្លងកាត់ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ ជាមួយគ្នានោះលោកក័បានសំណូពរអោយមានការថែទាំម៉ាសុីនទាំងពីអោយបានយូរអង្វែងផងដែរ ៕