ខេត្តកែប៖ អភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ បានដាក់បញ្ជាឱ្យមន្ត្រីថ្នាក់ក្រោមត្រូវចុះត្រួតពិនិត្យរាល់សកម្មភាពស្លាកផ្សាយពាណិជ្ជកម្មទាំងអស់ឡើងវិញនៅខេត្តកែប។ ការបញ្ជានេះ ធ្វើឡើង ក្នុងឱកាសលោកអញ្ជើញបិទ សន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់រដ្ឋបាលស្រុកដំណាក់ចង្អើរ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
ឯកឧត្តម សោម ពិសិដ្ឋ បានលើកឡើងថា នារយៈពេលប៉ុន្មានថ្ងៃនេះ ខេត្តកែប មានផ្ទុះការរិះគន់រឿងការដាក់តាំងស្លាកប៉ាណូផ្សព្វផ្សាយស្រាបៀរតាមសួនច្បារ នៅបណ្តោយផ្លូវជាតិលេខ ៣៣A និងឆ្នេរលេងទឹកខេត្តកែប តែយ៉ាងណា ស្លាកប៉ាណូទាំងនោះត្រូវបានអាជ្ញាធរឱ្យក្រុមហ៊ុនដកចេញវិញរួចរាល់អស់ហើយ។ បន្ថែមពីនោះ អភិបាលខេត្តកែប បានដាក់បញ្ជាឱ្យមន្រ្តីជំនាញ និងអាជ្ញាធរថ្នាក់ក្រោម ត្រូវចុះត្រួតពិនិត្យរាល់ផ្ទាំងប៉ាណូ ស្លាកផ្សាយពាណិជ្ជកម្មទាំងអស់ និងត្រូវអនុត្តឱ្យមានប្រសិទ្ធភាព។
ឯកឧត្តម សោម ពិសិដ្ឋ បានណែនាំដោយសង្កត់ធ្ងន់ថា គណៈបញ្ជាការឯកភាពក្រុង ស្រុកទាំងអស់ ត្រូវចុះត្រួតពិនិត្យ រាល់ពេលមានស្លាកពាណិជ្ជកម្មគ្រប់ប្រភេទ ពាក់ព័ន្ធគម្លាតចូលចំណីផ្លូវ ប៉ះពាល់ដល់ទីតាំងសាធារណៈ ឬស្លាកពាណិជ្ជកម្មដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គមជាដើម ហើយត្រូវកាត់ចោល ឬចុះរើចេញរាល់ស្លាកផ្សព្វផ្សាយណារកឃើញថាមិនមានភាពត្រឹមត្រូវ៕