បណ្តាសហគមន៍នេសាទនៅខេត្តកែប កំពុងវិវឌ្ឍន៍ខ្លួន តាមរយៈការបង្កើតអោយមានកញ្ចប់ទេសចរណ៍

0

ខេត្តកែប៖ បណ្តាសហគមន៍ នេសាទនានាតាមបណ្តោយខេត្តជាប់មាត់សមុទ្រកម្ពុជា ជាពិសេសខេត្តកែប និងកំពត កំពុងប្រឹងប្រែងអភិវឌ្ឍន៍ទីតាំងរៀងៗខ្លួន ដើម្បីបង្កើនការទាក់ទាញក្រុមអ្នកទេសចរ ក្នុងន័យបន្ថែមចំណូលជូនដល់សមាជិក។ តាមរយៈសក្តានុពលដែលមាន សហគមន៍អាចមានលទ្ធភាពក្នុងការ រៀបចំអោយមានការបោះតង់ សិក្សាពីជីវភាពរបស់អ្នកនេសាទ ក្នុងតំបន់ និងសកម្មភាពផ្សេងទៀតបាន។

លោក វន សំភាស់ នាយកប្រចាំប្រទេសរបស់អង្គការ អេដឹអេស្យុងអន្តរជាតិ (AEA) ក្នុងដំណើរទស្សនកិច្ចជាមួយបណ្តាញអ្នកធ្វើការលើវិស័យទេសចរណ៍ បានអោយដឹងកាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះថា បណ្តាសហគមន៍នេសាទរបស់យើង ជាពិសេសខេត្តកែប មានជីវចម្រុះដែលសម្បូរបែប យើងមានឆ្នេរសមុទ្រ មានព្រៃកោងកាង ដែលជាប្រភពមួយដ៏ល្អសម្រាប់ជីវចម្រុះ ហើយបើយើងនាំគ្នាកែច្នៃតំបន់សក្តានុពលទាំងនោះបន្ថែម នោះយើងនឹងអាច ជួយដល់សេដ្ឋកិច្ចរបស់ប្រជាសហគមន៍ក្នុងមូលដ្ឋានរបស់យើង តាមរយៈវិស័យទេសចរណ៍។

លោកបន្ថែមថា នៅខេត្តកែបមានសហគមន៍ចំនួន ៥ ដែលយើងកំពុងរិះរកវិធីបន្ថែមដើម្បីរុញអោយសហគមន៍ទាំងនោះ កាន់តែមានដំណើរការទៅមុខ ដោយបច្ចប្បន្នយើងមានសហគមន៍នេសាទអូរក្រសារ និងសហគមន៍នេសាទភូមិថ្មី កំពុងបន្តភាពរីកចម្រើនរបស់ខ្លួន។ ហើយសហគមន៍អូរក្រសារ នឹងមានសមិទ្ធផលថ្មីរបស់ខ្លួន នាពេលដ៏ខ្លីខាងមុខ តាមរយៈដំណើរទស្សនកិច្ចនាថ្ងៃនេះ៕ សេង ណារិទ្ធ