កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានជំរុញដល់សាខាសមាគម សិស្ស និស្សិត បញ្ញាវន្តក្មេងវត្ត ខេត្តកំពង់ចាម ឱ្យបន្តសកម្មភាពការងារមនុស្សធម៌ ជួយដល់សង្គម នៅតាមបណ្ដាក្រុង ស្រុក ជាពិសេសគឺនៅតាមបណ្តាវត្តអារាមនានាទូទាំងខេត្តកំពង់ចាម ថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់សាខាសមាគម សិស្ស និស្សិត បញ្ញាវន្តក្មេងវត្ត ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ។
ក្នុងនាមប្រធានកិត្តិយសសាខាសមាគម សិស្ស និស្សិត បញ្ញាវន្តក្មេងវត្ត ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាកដឹកនាំ សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ដែលបាន ចូលរួមធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម ដោយបានចំណាយទាំង កម្លាំងកាយ ប្រាជ្ញាស្មារតី ធនធាន សម្ភារៈ ថវិកា ពេលវេលា សម្រេចបាននូវសកម្មភាពជាច្រើន សម្រាប់ឆ្នាំ២០២៣ កន្លងមក ជាមួយនឹងការដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តទៀត។
ឯកឧត្ដមអភិបាលខេត្ត បានបន្តថា សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ថ្វីត្បិតតែទើបបង្កើតឡើងបានជាង បីឆ្នាំក៏ពិតមែន ប៉ុន្តែសាខាសមាគមមួយនេះ បាននឹងកំពុងធ្វើសកម្មភាព មនុស្សធម៌ជាច្រើននៅតាមមូលដ្ឋាន ដែលជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។ ពិសេស បានប្រគេន បច្ច័យ សម្ភារៈ ទេយ្យវត្ថុ ដល់ព្រះសង្ឃនៅតាមវត្តអារាម ដើម្បីជួយសម្រួលដល់ការលំបាក ផងដែរ។
បេីតាមលោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគម សិស្ស និស្សិត បញ្ញាវន្តក្មេងវត្ត ខេត្តកំពង់ចាម បានឱ្យដឹងថា នៅក្នុងរយៈពេលកន្លងទៅនេះ សាខាសមាគមបានដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តចុះទៅពិនិត្យ និងពិគ្រោះយោបល់ប្រគេនព្រះ សង្ឃ យាយជី តាជី បងប្អូនប្រជាជនចំនួន០៦លើក, បានចូលរួមសកម្មភាពសង្គមចំនួន១៣៦លើក ក្នុងនោះអនុ សាខាក្រុង ស្រុក៣៩លើក, បានចុះផ្សព្វផ្សាយពីគោលបំណងសមាគម និងបានបញ្ញាបគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ដឹកនាំរបស់រដ្ឋបាលខេត្ត នៅតាមវត្តអារាមបានចំនួន៩៦វត្ត ដើម្បីកសាង សមាជិក សមាជិកា និងជាការកៀរគរសំឡេងគាំទ្រទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យបានកាន់តែច្រើនឡើងថែមទៀត នៅតាមមូលដ្ឋាន ៕