កិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែ មករា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តខែបន្ទាប់របស់រដ្ឋបាលខេត្តកែប

0

ខេត្តកែប: នៅព្រឹកថ្ងៃទី២៦  ខែមករា  ឆ្នាំ២០២៤  លោកស្រី  អ៊ុល ភីរុណ  អភិបាលស្តីទី នៃគណៈអភិបាលខេត្តកែប បានអញ្ចេីញដឹកនាំកិច្ចប្រជុំ ពិនិត្យ ឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករាឆ្នាំ២០២៤  និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែបន្ទាប់ ដោយមានការអញ្ជេីញចូលរួមពី  លោក  អភិបាលរងខេត្ត  លោក ឧត្ដមសេនីយ៍  វរ:សេនីយ៍  តំណាង  កងកម្លាំងទាំងបី  ទីចាត់ការចំណុះរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។

មានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ  លោកស្រី អ៊ុល ភីរុណ បានគូសបញ្ជាក់ថា  រយៈពេលកន្លងមក នៃការអនុវត្តតួនាទី  ភារកិច្ច ប្រកបដោយការយកចិត្តទុកដាក់ ពីកងកំលាំងទាំងបី  បណ្ដាទីចាត់ការនានា ក៏ដូចជាមន្ទីរអង្គភាពជុំវិញខេត្ត ដែលត្រូវយកមកបូកសរុប ជារបាយការណ៍រួមរបស់រដ្ឋបាលខេត្តនាពេលនេះ គឺជារបាយការណ៍ដ៍សំខាន់ ក្នុងការបង្ហាញនូវសមិទ្ធផលទាំងឡាយ ដែលយើងខិតខំប្រឹងប្រែងអនុវត្ត កន្លងមក ជូនដល់ថ្នាក់ជាតិ។ ដូច្នេះសូមឱ្យថ្នាក់ដឹកនាំមន្ទីរអង្គភាពទាំងអស់សូមយកចិត្តទុកដាក់ ពិនិត្យនូវសេចក្តីព្រាងដែលបានផ្តល់ជូន អោយបានល្អិតល្អន់ និងចូលរួមផ្តល់នូវធាតុចូល បំពេញបន្ថែមនូវចំណុចខ្វះខាត  ទិន្នន័យបាត់ចន្លោះណាមួយ ពិសេសទិសដៅដែលបានដាក់ចេញសម្រាប់អនុវត្តបន្តនៅខែបន្ទាប់មុននិងផ្តល់ជូនទៅថ្នាក់ជាតិ។

ជាមួយគ្នានេះ លោកស្រី អភិបាលស្ដីទី  ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ពីគ្រប់ស្ថាប័នជុំវិញខេត្ត ដែលធ្វើឱ្យលទ្ធផលសម្រេចបានរយៈកន្លងមកនេះទទួលបាន ផ្លែផ្កាជាវិជ្ជមាន ធ្វើអោយខេត្តកែបមានការប្រែប្រួលជាបន្តបន្តាប់ ពិសេសលើការងារកសាង ហេដ្ឋារចនាសម្ព័ន្ធ ការកែលំអរសោភណភាព ទីប្រជុំជន តំបន់ទេសចរណ៍ ការការពារបរិស្ថាន ការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ជាមួយគ្នានេះ  លោកស្រី អភិបាលស្ដីទី  ក៏បានជំរុញដល់គ្រប់មន្ទីរអង្គភាពទាំងអស់  បន្តនូវប្រពៃណី សាមគ្គីភាព ឯកភាពគ្នា ក្នុងការអនុវត្តការងារ ក្នុងនាមរដ្ឋបាលខេត្ត ដើម្បីអោយខេត្ត យើង រក្សាបាននូវការពេញចិត្តពីភ្ញៀវទេសចរ ជាតិ -អន្តរជាតិ ពិសេស ទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋមកលើការដឹកនាំរបស់រដ្ឋបាលខេត្តផងដែរ៕ សេង ណារិទ្ធ