អាជ្ញាធរខេត្តកំពង់ធំ ហាមដាច់ខាតចំពោះជនខិលខូចណា ដែលមករុករានទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់បី ក្នុងស្រុកកំពង់ស្វាយ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឡើយ

0

កំពង់ធំ÷ បច្ចុប្បន្នដីរដ្ឋនៅតំបន់បី ទីតាំងខ្វាក់ទោចខ្វាក់ធំ ស្ថិតនៅក្នុងឃុំកំពង់គោដែលជនខិលខូចកំពុងតែរុករានទន្ទ្រាម និងជីកប្រឡាយយកទឹកមកស្រោចស្រពស្រូវប្រាំងរបស់ខ្លួន ដើម្បីអាស្រ័យផលមិនបានជូនដំណឹងមកអាជ្ញាធរមូលដ្ឋាននោះឡើយ។

 ការលើកឡើងរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះក្នុងឱកាសដែលឯកឧត្តមចុះពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋកំពុងតែរំលោភបំពានដីធ្វើស្រែប្រាំង មានចំនួន ៨.០០០ហិចតាដែលស្ថិតនៅតំបន់(ខ្វាក់ទោចខ្វាក់ធំ) ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជនខិលខូចមួយចំនួននៅតែរុករានទន្ទ្រាន រំលោភយកដីរដ្ឋ នៅតំបន់ហាមឃាត់មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយមិនគោរពទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានបន្តទៀតថា ការចុះត្រួតពិនិត្យទីតាំងធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងគឺការពិនិត្យបោះបង្គោលព្រំដីដែលឆ្វៀលហើយ និងមិនទាន់ឆ្វៀល ប្រសិនបើបងប្អូនមានក្បាលដីជាប់នឹងក្បាលដីរដ្ឋ សូមកុំរូករានទន្ទ្រានបន្តទៀត ត្រូវមានការទទួលខុសត្រូវដោយខ្លួនឯង ធ្វើឱ្យបាត់បង់ព្រៃលិចទឹកដែលជាជម្រកនៃត្រីនិងសត្វគ្រប់ប្រភេទផងដែរ។

ជាចុងក្រោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលអាស្រ័យផលស្រែប្រាំងនៅដីតំបន់បី ដែលបានឆ្វៀលហើយសូមរក្សាឱ្យបានល្អ ហាមជាដាច់ខាតមិនឱ្យបន្តការទន្ទ្រានយកដីរបស់រដ្ឋទៀតឡើយ។ ជាក់ស្ដែងប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឃើញសកម្មភាពដែលជនខិលខូចកំពុងតែធ្វើសកម្មភាព អ្វីមួយនៅលើដីតំបន់បីដែលជាដីរបស់រដ្ឋសូមរាយការណ៍មកអាជ្ញាធរមូលដ្ឋានដើម្បីចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យកង្កែសម្រួលដោយ។អ៊ុមញឹប