ឧបនាយករដ្ឋមន្ត្រី នេត សាវឿន​ បាន​ផ្តាំផ្ញេី​ដល់​អង្គ​បោះឆ្នោត​ទាំង​អស់​ ត្រូវ​ថែរក្សា​សុខភាព​ ដេីម្បី​ទៅ​បោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥​ ឱ្យ​បាន​គ្រប់​ៗ​គ្នា​

0

កំពង់ចាម​:​ ឯកឧត្តម សន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី នេត សាវឿន​ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម​ បាន​ផ្តាំផ្ញេី​ដល់​អង្គ​បោះឆ្នោត​ទាំង​អស់​ ត្រូវ​​ថែរក្សា​សុខភាព​ ដេីម្បី​ទៅ​បោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥​ ឱ្យ​បាន​គ្រប់​ៗ​គ្នា​ នៅ​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤​ ខាងមុខនេះ​ ។ ថ្លែង​បែប​នេះ​ក្នុងកិច្ចប្រជុំប្រកាសសមាសភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅមណ្ឌលភូមិភាគទី២ និងសំណេះសំណាលជាមួយ អង្គបោះឆ្នោត នារសៀលថ្ងៃទី​២៧ ខែមករា ឆ្នាំ២០២៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ ស្រុក​ចំការលេី​ ខេត្តកំពង់ចាម​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម សន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី នេត សាវឿន​ បាន​ស្នើ​ដល់​អង្គ​បោះឆ្នោត​ទាំង​អស់​ សូម​បំពេញ​កាតព្វកិច្ច​ និង​ការ​​ប្តេជ្ញា​ចិត្ត​ខ្ពស់​​ ដេីម្បី​រក្សា​ចំនួនអាសនៈ​ ពោលគឺ​ត្រូវ​ខិតខំ​ប្រឹងប្រែង​ អូសទាញ​គៀងគរ​កម្លាំង​​បន្ថែម​ទៀត​ សម្រាប់​ធានា​ដល់​ការ​បោះឆ្នោត​ ដើម្បីសម្រេចបាន នូវសន្ទស្សន៍ ៨/៨ អាសនៈ នៅ​មណ្ឌលភូមិភាគទី២ (កំពង់ចាម-ត្បូងឃ្មុំ)​ គឺ​យេីង​ត្រូវ​ត្រៀម​វត្តមាន​ ​និង​ត្រៀម​ឯកសារ​សម្រាប់​បម្រើ​ឱ្យ​ការ​បោះឆ្នោត​ ហើយ​ត្រូវ​ផ្ទៀងផ្ទាត់​ប្រតិទិន​ ផងដែរ​ ។

ជាមួយគ្នានោះ​ ឯកឧត្តម អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ បាន​លើក​ទឹកចិត្ត​ដល់​អង្គ​បោះឆ្នោត​ទាំង​អស់​ ឱ្យ​​រួមគ្នា​ប្តេជ្ញា​ចិត្ត​ ដេីម្បី​ដណ្ដើម​យក​ជ័យជម្នះ​ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥​ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម បន្តដឹកនាំប្រទេសជាតិ​ ឱ្យកាន់តែរីកចម្រើន​បន្ថែម​ទៀត​ ។

បេីតាម​ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្ស​ប្រជាជន​កម្ពុជា​ ខេត្តកំពង់ចាម​ បានឱ្យដឹងថា​ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅក្នុងមណ្ឌលភូមិភាគទី២ (កំពង់ចាម-ត្បូងឃ្មុំ) មាន ៨ អាសនៈ មានអង្គបោះឆ្នោត ចំនួន ១,៣៧១រូប ក្នុងនោះមាន៖​ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ចំនួន ១០រូប​ និង​អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ចំនួន ៨រូប​ ។ ក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកំពង់ចាម​ ចំនួន ៨១៧រូប ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា ចំនួន ៦១៦រូប គណបក្សភ្លើងទៀន ចំនួន ១៩៦រូប និងគណបក្សផ្សេងៗទៀត ចំនួន ៥រូប ។
ដោយឡែក​ក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តត្បូងឃ្មុំ​ មាន​ចំនួន ៥៣៦រូប ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា ចំនួន ៤៣២រូប គណបក្សភ្លើងទៀន ១០២រូប និងគណបក្សផ្សេងៗទៀត ចំនួន ២រូប ៕