ឯកឧត្ដមបណ្ឌិត ជីវ កេង និងលោកជំទាវរៀបចំកម្មវិធីជួបជុំសំណះសំណាល សួរសុខទុក្ខ​ និងពិសារអាហារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋស្ថិតនៅឃុំតាំងក្រសៅ

0

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ឆាយ​​ ស៊ីណា​ ជីវ កេង​​ បានរៀបចំកម្មវិធីជួបជុំសំណះសំណាល សួរសុខទុក្ខ​ និងពិសារអាហារសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិទឹកអណ្តូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំចំនួនជិតជិត ៦០០នាក់។

កម្មវិធីនេះក៏មានការចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ រួមជាមួយ គណៈប្រតិភូអមដំណើរមកពីរាជធានីភ្នំពេញ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម​  អនុប្រធាន និងចៅក្រមតុលាការកំពូល  ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូង ចៅក្រម និងព្រះរាជអាជ្ញាជាច្រើនរូបផងដែរ។

ក្នុងឱកាសនេះឯកឧត្តម បណ្ឌិត ជីវ កេង បាននូវរំលឹកអនុស្សាវរីយ៍ដ៏កម្សត់កម្រ ជាមួយនឹងមនោសញ្ជេតនានឹករំលឹកយ៉ាងជ្រាលជ្រៅបំផុត ជាមួយសាច់ញាតិ​ មិត្តភក្កិ និងប្រជាជនក្នុងភូមិ ដែលធ្លាប់បានរស់នៅ និងធ្វើការងារពលកម្មជាមួយគ្នាក្នុងរយ:ពេលបីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ  នៃរបបខ្មែរក្រហមដែលបានបង្ខំឱ្យប្រជាជនកម្ពុជាទូទាំងប្រទេស រួមទាំងឯកឧត្តម បណ្ឌិត ផ្ទាល់ធ្វើការលើកទំនប់ និងជីកប្រឡាយ ហាលថ្ងៃ ហាលភ្លៀង អត់បាយក្រហាយពោះរាល់ថ្ងៃ។

​ ឯកឧត្តម បណ្ឌិត ជីវ កេង​ ក៏បានថ្លែងគូសបញ្ជាក់ថា​ ​ ការជួបជុំ ននិងពិសារអាហារសាមគ្គីនាថ្ងៃនេះ គឺខុសពី៤៥ឆ្នាំមុន ពោលគឺខុសដូចមេឃនិងដី​ ព្រោះពេលបច្ចុប្បន្ននេះ​  យើងកំពុងជួបជុំគ្នាហូបអាហារក្រោមម្លប់សន្តិភាព​ ជាមួយនឹង​ការអភិវឌ្ឍ សុខសាន្តត្រាណ​​ ដែលសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន បានយកជីវិតធ្វើជាដើមទុន ប្តូរយកជូនប្រជាជននិងប្រទេសកម្ពុជា​ ហើយបាននិងកំពុងត្រូវបានបន្តរក្សា​ ដោយអ្នកដឹកនាំបន្តវេនដ៏ឆ្នើម​ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។​  ឯកឧត្តម បណ្ឌិត ជីវ កេង បានលើកឡើងនូវពាក្យស្លោកថា (ផឹកទឹក ត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ ត្រូវនឹកគុណដល់អ្នកដាំ) ដែលជាគោលការណ៍ឯកឧត្តមតែងប្រកាន់ខ្ជាប់ជានិច្ច។

សូមបញ្ជាក់ផងដែរថា ឯកឧត្តមបណ្ឌិត ជីវ កេង គឺជាឥស្សជនមួយរូបក្នុងវិស័យយុត្តិធម៌ ដែលមានស្រុកកំណើតនៅក្នុងភូមិទឹកអណ្តូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំផ្ទាល់តែម្តង ដោយសេចក្តីនឹករលឹក និងអនុស្សាវរីយ៍ចំពោះបងប្អូន សាច់ញាតិ មិត្តភក្តិ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ទើបឯកឧត្តមរៀបចំកម្មវិធីជួបជុំ សំណេះសំណាលសួរសុខទុក្ខ និងអាហារសាមគ្គីនាថ្ងៃនេះ៕ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប