កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤
នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការផ្សព្វផ្សាយអនុសាសន៍៥ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលពិធីផ្សព្វផ្សាយនេះប្រព្រឹត្តទៅ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអាននិងគូសបញ្ជាក់នូវចំណុចសំខាន់នីមួយៗ នៃអនុសាសន៍ទាំង៥ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានជាអាទិ៍÷ ទី១៖ កងទ័ពកម្ពុជា ត្រូវតែជាកងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ដាច់ខាត ត្រូវ តែស្មោះត្រង់ចំពោះជាតិ, មាតុភូមិ និងប្រជាជន និងយកអស់ស្មារតីគោរពឲ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ, សារាចរណែនាំ, លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ, បទដ្ឋានគតិយុត្តនានា, ដោយប្រកាន់ភ្ជាប់នូវប្រពៃណីសេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ,និងក្លាយជាកម្លាំងពិត ដើម្បីការពារជាតិ មាតុភូមិ និងប្រជាជន។ ទី២៖ គ្រប់អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាព ឲ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់កម្លាំងឲ្យសមស្របនឹងតម្រូវការជំនាញ និងសូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ, បរិក្ខារយោធាគ្រប់បែបយ៉ាង,ព្រមទាំងស្បៀងអាហារជាដើម ឲ្យបានត្រឹមត្រូវនិងបានគង់វង្ស។ ទី៣៖ គ្រប់អង្គភាពទាំងអស់ ត្រូវពង្រឹងការហ្វឹកហ្វឺន ការរៀនសូត្រ និងការ កសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការការពារជាតិ ឲ្យមានប្រសិទ្ធភាពខ្ពស់, ជាពិសេសពង្រឹងការបង្កើនជំនាញដល់យោធិនឲ្យស្របទៅតាមភារកិច្ចនិងតួនាទីរៀងៗខ្លួន។
ឧត្ដមសេនីយ៍ ទោសោម ស៊ុន បានគូសបញ្ជាក់នូវចំណុចទី៤និងទី៥ដោយបានសង្កត់ធ្ងន់ថា ចំណុចទី៤៖ គ្រប់បណ្ដាអង្គភាពទាំងអស់ ត្រូវ យកចិត្តទុកដាក់ ត្រៀមកម្លាំង, មធ្យោបាយ, និងសម្ភារៈគ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះភ័យ ជាយថាហេតុ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឲ្យបានល្អ ក្នុងស្មារតីបុរេសកម្ម ជាមួយនឹងអាជ្ញាធរដែនដី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងចំណុចទី៥៖ សូមលើកទឹកចិត្តដល់អង្គភាពទាំងអស់ ជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជា ការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីចូលរួមលើកកម្ពស់ជីវភាពកងទ័ព និងក្រុមគ្រួសារ ធានាផាសុកភាព, សុខុមាលភាព, និងផលិតភាព ក្នុងការបំពេញបេសកកម្មរបស់ខ្លួន៕