ខេត្តរតនគិរីៈ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើសង្ស័យកំពុងឃុបឃិតជាមួយមេកាឯឧត្តមឥត ប្រាង្គ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មរ៉ែ និងថាមពល លួចកាប់ឈើផ្ចឹករាប់ពាន់ជ្រលុងពីព្រៃសហគមន៍មកទុកនៅឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី ហើយអាចធ្វើអាជីវកម្មអនាធិបតេយ្យ។
មន្ត្រីជំនាញរដ្ឋបាលព្រៃឈើមួយរូបបានអោយដឹងកាលពីថ្មីៗនេះគឺមានមេកាឈ្មោះកូយ របស់ឯកឧត្តមឥត ប្រាង រដ្ឋលេខាធិការក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ជារៀងរាល់ព្រឹកគេតែងតែឃើញមេការូបនោះបញ្ជាកម្មករ គោយន្ត រណាយន្ត ចូលទៅទិញដើមឈើផ្ចិតពីព្រៃសហគមន៍ភូមិសមុទ្រលើនិងសមុទ្រក្រោម ក្នុងឃុំសេដា ស្រុកលំផាត់ ក្នុងតម្លៃថោកៗ រួចដឹកជញ្ជូនតាមគោយន្តក្នុងមួយថ្ងៃមានចំនួន៤ទៅ៥គោយន្តយកមកស្តុកទុកនៅដីឯកឧត្តមខាងលើរាប់ពាន់កណាត់ ដែលក្នុងដើមឈើផ្ចិតមួយដើមត្រូវបានគេពុះច្រៀកបាន៣ទោ៤ជ្រលុងតាមដើម ដែលមានមុខកាត់តូចឫធំ ដែលមានប្រវែង៤ម៉ែត្រ។
មូលហេតុដែលគេត្រូវការដើមឈើផ្ចឹតធ្វើជាជ្រលុងម្រេចនោះដោយសារដើមឈើប្រភេទនេះធន់ទៅការកប់ដីផ្នែកខាងគល់បានរាប់ឆ្នាំ ដើម្បីម្រេចឡើងតោងឡើតាមជ្រលុង។ ហយការកាប់ជ្រលុងម្រេចរាប់ពាន់ដើមពីព្រៃសហគមន៍បានផលប្រយោជន៍តែឈ្មួញ និងមន្ត្រីជំនាញថ្នាក់ខ្ពស់ប៉ុណ្ណោះ មិនមានចំណូលពន្ធចូលរដ្ឋ ឫជាតិនោះទេ។
ហើយសហគមន៍នីមួយៗបន្ទាប់ពីរាជរដ្ឋាភិបាលផ្តល់ព្រៃសហគមន៍អោយគាត់ប្រើប្រាស់ជាលក្ខណៈគ្រួសារ បែរជាពួកគាត់លក់ដី ឫកាប់ឈើលក់អោយឈ្មួញជាការបំផ្លាញខ្លួនឯង។ជុំវិញការស្តុកជ្រលុងម្រេចរាប់ពាន់ដើមនៅលើដីឯកឧត្តមឥត ប្រាង្គ រដ្ឋលេខាធិការលក្រសួងរ៉ែនិងថាមពលនៅស្រុកបរកែវ នោះដែលនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤នេះ តើការស្តុកជ្រលុងម្រេចរាប់ពាន់ដើមនោះមានច្បាប់អនុញ្ញាតិពីលោកវង្ស សុក្រសិរីយ៉ាងណានោះ ទាំងមេកា និងឯកឧត្តមមិនអាចសុំការអធិប្បាយណាមួយបានទេ។
គួរបញ្ជាក់ថាលោកវង្ស សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើធ្លាប់មានប្រសាសន៍តាមទូរស័ព្ទកន្លងមកថា អោយតែមានជ្រលុងម្រេចនៅកន្លែងណាប្រាប់លោក លោកនិងបញ្ជាកម្លាំងរបស់លោកចុះទៅចាប់។ ប៉ុន្តែនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ លោក វង្ស សុក្រសិរី មានប្រសាសន៍តាមទូរស័ព្ទថា លោកនិងបញ្ជាអោយកម្លាំងរបស់លោកទៅមើលហើយបិទទូរស័ព្ទ ហើយសង្ស័យត្រូវទទួលលាភសក្ការៈឫគំនាបពីឯកឧត្តមរូបនោះ៕