ស្វាយរៀង៖ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់កណ្តាល តំណាងឯកឧត្តមហ៑ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិង ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្តហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២៤ បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង បានបន្ដចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានចំនួន២,៧៥៩នាក់ ក្នុងនោះស្ត្រី១,៩៣១នាក់ ដែលជាការគិតគូរនិងឧបត្ថម្ភគាំទ្រថ្នាំពេទ្យរបស់លោកហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។
ពិធីនេះក៏មានការចូលរួមពីឯកឧត្តមបណ្ឌិតកែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះជួយឃុំបាសាក់ ស្រុកស្វាយជ្រំ, ឯកឧត្តមបណ្ឌិតតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង,លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលស្វាយរៀង និងជាប្រធានប្រតិបត្តិក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រីអភិបាល អភិបាលរងស្រុកស្វាយជ្រំ និងអាជ្ញាធរដែនដីជាច្រើននាក់ផងដែរ។
លោកវេជ្ជបណ្ឌិតគុជ សុីថាបានឲ្យដឹងថា ថ្ងៃនេះដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានីចំនួន ២៧១ នាក់ និងមានស្ត្រីចំនួន ១២០ នាក់ បានចុះពិនិត្យព្យាបាលជំងឺ វះកាត់តូច សង្គ្រោះបឋម បង្រៀន សង្គ្រោះ បឋម ចែកឱសថ និងចាក់វ៉ាក់សាំងកូវីដ ១៩ ជូនប្រជាពលរដ្ឋនៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយឥតគិតថ្លៃបានចំនួន ២,៧៥៩ នាក់ ក្នុងនោះស្ត្រីមានចំនួន ១,៩៣១ នាក់។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា បើមានអ្នកជំងឺធ្ងន់ដែលមិនអាចព្យាបាលនៅកន្លែងបានទេ ក្រុមការងារយើងនឹងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តដោយឥតគិតថ្លៃផងដែរ។
ឯកឧត្តមតូច ប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀងបានថ្លែងថា ក្នុងនាមឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង ដែលបានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ ដោយឥតគិតថ្លៃនាពេលនេះ ដែលបានបញ្ជាក់ឲ្យឃើញថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី តែងតែចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីលើកម្ពស់សុខមាលភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ នៅតាមមូលដ្ឋាន ហើយបានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាសុខាភិបាលដោយឥតគិតថ្លៃនេះផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ថ្នាក់កណ្តាលបានថ្លែងថា ក្នុងរយៈពេល១២ឆ្នាំ (២ ធ្នូ ឆ្នាំ២០១២ ដល់ ២៨ មករា ឆ្នាំ២០២៤)ដែលបានបង្កើតឡើងក្រុមគ្រូពេទ្យស្ម័គ្រចិត្តហ៊ុន ម៉ានី និងក្រោមការដឹកនាំដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១២,០៦៩នាក់ ក្នុងនោះស្ត្រីមានចំនួន ៦,៤៩៥នាក់បានដឹកនាំនិងសម្របសម្រួលដោយលោកផ្ទាល់ បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ១៨២៣លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១៣,១៥៣,៦២១នាក់ ក្នុងនោះស្ត្រីមានចំនួន ៦,៧២៨,៧០៩នាក់៕គឹមសេង