កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង

0

ខេត្តស្វាយរៀង៖ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកតំណាងសាលាដំបូងខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោកនាយករដ្ឋបាលសាលាខេត្ត លោកមេធាវីប្រចាំរដ្ឋបាលខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោកតំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តបានល្អប្រសេី។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១.ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរបន្ថែមទៀត។
២.រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ទន្លេ ព្រែក ឱ្យបានល្អសម្រាប់ជាប្រយោជន៍សាធារណៈ ។
៣.បេីតាមរបាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយម អាជ្ញាធរពាក់ព័ន្ធត្រូវបំផុសស្មារតីដល់ប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈស្តុកទឹក និងថែរក្សាទឹកទុកសម្រាប់ការប្រេីប្រាស់ជៀសវាងនៅរដូវប្រាំងខាងមុខអាកាសធាតុឡេីងកម្តៅ ជាពិសេសត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចេះថែរក្សាអនាម័យសុខភាពឲ្យបានល្អ។
៥. អាជ្ញាធរ ក្រុង ស្រុក សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ពិសេសទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលបច្ចុប្បន្នជនធ្លៀតឱកាសមួយចំនួនបានយកទីតាំងសណ្ឋាគារ ឬផ្ទះសំណាក់ធ្វេីជាកន្លែងចែកចាយឬប្រេីប្រាស់ជាដេីម។
៦.អាជ្ញាធរពាក់ព័ន្ធត្រូវខិតខំជម្រុញកិច្ចការងារកំណត់ផ្ទៃច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួ និងអាងទឹកក្នុងខេត្ត ទៅតាមជំហាននីមួយៗដេីម្បីជីកស្តារថែរក្សាថែរក្សាប្រភពទឹកឡេីងវិញ ក៏ដូចជាការចេញប័ណ្ណកម្មសិទ្ធជូនដល់ប្រជាពលរដ្ឋដែលយេីងបានកំណត់ដោះស្រាយរួចរាល់។
៧.មន្ទីរសាធារណការត្រូវសិក្សាពីទីតាំងដែលគ្រោងរៀបចំដាក់ភ្លេីងស្តុបចរាចរណ៍បន្ថែមនៅចំណុចផ្លូវជាតិលេខ១ ខាងមុខពេទ្យអនាម័យ និងផ្លូវបែកជា៤ កែងចកផ្លូវជាតិលេខ១ បត់ទៅផ្លូវលេខ១៣
៨.អាជ្ញាធរក្រុងស្រុកនិងសមត្ថកិច្ចឈជេីងការពារព្រំដែន ត្រូវតាមដានត្រួតពិនិត្យជាប្រចាំទៅលេីបង្គោលព្រំដែន ក្នងករណីមានការខូចខាត រឺបាត់បង់ត្រូវរាយការណ៍មករដ្ឋបាលខេត្តភ្លាម៕គឹមសេង