កំពង់ធំ÷ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយឯកឧត្តមអភិបាលរងខេត្តកំពង់ធំ លោក កើត រ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានក្រុងអង្គរ លោកគ្រូអ្នកគ្រូ និស្សិត និងសិស្សានុសិស្ស បានអញ្ជើញចូលរួមកក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររងសរុបចំនួន៣.២៧៩នាក់ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំអគារ ឡូវ គីមសេង សង្កាត់ដំរីជាន់ខ្លាក្រុងស្ទឹងសែនខេត្តកំពង់ធំ។
លោក កើត រ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានក្រុងអង្គរ បានឡើងធ្វើរបាយការណ៍គូសបញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបច្ចុប្បន្ននេះមានទីតាំងចំនួន២កន្លែង កំពុងដំណើរការក្នុងនោះ នៅខេត្តកំពង់ធំ និងនៅខេត្តព្រៃវែង។ ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ វិទ្យាស្ថានក្រុងអង្គរ មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យ សរុបចំនួន១២៨នាក់ ស្រី២១នាក់ និងនិស្សិតកំពុងសិក្សាចំនួន១.៧៧០នាក់ ស្រី៨០៩នាក់។ កន្លងមកនេះនិស្សិតបានបញ្ចប់ការសិក្សា គិតទាំងនិស្សិតជ័យលាភីនេះផង សរុបចំនួន៩៨៥០នាក់ ស្រី២៨៦១នាក់ យោងតាមការធ្វើអង្កេតបានបង្ហាញថានិស្សិតចំនួន ៣.២៧៩នាក់នេះ អ្នកមានការងារធ្វើចំនួន៣.១១៥នាក់ ស្មើនឹង៨៥,០០% ការប្រឡងបានចំនួន៤លើកនិង៥លើក។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានមានប្រសាសន៍ថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សឲ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកលើក កម្ពស់ការអភិវឌ្ឍឧស្សាហកម្ម ដែលជួយបង្កើនកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ទ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព។ ជាមួយគ្នានេះ សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ដែលយើងត្រូវការពារឱ្យបានគត់មត់។ ពាក្យស្លោក(អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ) បានឮពាសពេញប្រទេសនិងបានក្លាយជាស្មារតីនៃសង្គមជាតិ ដ៏ខ្លាំងក្លារស់រវើកនៅក្នុងដំណើរកសាង និងការពារមាតុភូមិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់ក្មួយៗទាំងអស់នឹងខិតខំពុះពារ ជម្នះរាល់ឧបសគ្គដើម្បី កសាងខ្លួនឲ្យស័ក្តិសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើនូវជំនាញ ចំណេះដឹង ចំណេះធ្វើពិតប្រាកដរបស់ខ្លួនប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ និងដាក់ខ្លួនបម្រើប្រជាជនដោយស្មោះស ដើម្បីបុព្វហេតុជាតិ មាតុភូមិដ៏ថ្លៃថ្លានៃយើង។ ម្យ៉ាងទៀត ការសិក្សាជាកត្តាចាំបាច់សម្រាប់ជីវិតមនុស្សម្នាក់ៗ បើមិនមានការសិក្សា ស្រាវជ្រាវជាប្រចាំនោះទេ យើងមិនអាចតាមទាន់ទំនើបភាវូបនីយកម្មនៃបច្ចេកវិទ្យាដែលកំពុងវិវត្ត រីក ចម្រើនយ៉ាងខ្លាំងក្លានាពេលបច្ចុប្បន្ននេះបានទេ។ សូមក្មួយៗចងចាំថា មានតែចំណេះវិជ្ជាទេដែល អាចជួយបណ្តុះនូវផ្នត់គំនិតចម្រើនជឿនលឿន ហើយអាចជួយលើកស្ទួយប្រទេសជាតិយើងឲ្យកាន់តែ រីកចម្រើនថែមទៀត ដូច្នេះក្មួយៗត្រូវយល់ថា ដើម្បីក្លាយខ្លួនជាបញ្ញវន្តពិតប្រាកដ ក្មួយៗត្រូវបន្តខិតខំ ប្រឹងប្រែងសិក្សាស្រាវជ្រាវដោយខ្លួនឯង ខិតខំអានសៀវភៅឲ្យបានច្រើន ខិតខំកត់ត្រា ពិចារណា ត្រងគ្រាប់ចាប់យកនូវរាល់ចំណេះដឹងទាំងឡាយ ដើម្បីយកទៅអនុវត្តនៅក្នុងអង្គភាព ឬមូលដ្ឋានរបស់ខ្លួន៕ អត្ថបទលោក ធូ កែវមុនី្ន-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប