បន្ទាយមានជ័យ៖ បន្តដោះស្រាយអធិករណ៍ក្នុងព្រះពុទ្ធសាសនាដោយផ្អែកលើ សង្ឃប្រកាស បន្តពង្រឹងនៅវត្តអារាមផ្នែករដ្ឋបាលគណនេយ្យភាព តម្លាភាព និងចៀសវាងការប្រើឥទ្ធិពលណាមួយដែលពុំសមស្របធ្វើឲ្យប៉ះពាល់បាត់បង់នូវក្រមសីលធម៌ នេះគឺជាប្រសាសន៍លើកឡើងរបស់លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឲ្យឯកឧត្តមអ៊ុំ រាត្រីអភិបាលខេត្តបានថ្លែងក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យលើកទី៣១ នាថ្ងៃទី៣០-៣១ខែមករា ឆ្នាំ២០២៤ ស្ថិតនៅក្នុងវត្តឧត្តមរត្យារាមហៅវត្តត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។
លោក បៀវ ថានប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានឲ្យដឹងថារាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាតាមការដឹកនាំដ៏ប៉ិនប្រសប់ឈ្លាសវៃនិងម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញលើការអភិវឌ្ឍលើគ្រប់វិស័យនិងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ នៃកម្មវិធីនយោបាយយ៉ាងជាក់លាក់សម្រាប់ជាត្រីវិស័យក្នុង ការងាររបស់ខ្លួនដើម្បីបម្រើប្រជាជន ដែលជាម្ចាស់ឆ្នោតបានផ្តល់នូវសេចក្ដីទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានិងការដឹកនាំឲ្យប្រទេសមានការរីកចម្រើនបន្ថែមទៀតពិធីអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្ត លើកទី៣១ មានតែរយៈពេល ១ថ្ងៃកន្លះ គឺនៅថ្ងៃអង្គារពុធ ៥ -៦រោចខែបុស្សឆ្នាំថោះ បញ្ញាស័កពុទ្ធសករាជ២៥៧ ត្រូវនឹងថ្ងៃទី៣០ ៣១ ខែមករា ឆ្នាំ២០២៤ ក្នុងស្ថានភាពនយោបាយដែលមានសន្តិភាពស្ថិរភាពនយោបាយសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ រាជរដ្ឋាភិបាលនីតិកាលទីប្រាំពីរ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណជារបៀបវារៈនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជានឹងរយៈពេល ២៥ឆ្នាំខាងមុខ។
ព្រះសមណៈញាណណាប់ មុឺន ព្រះបាឡាត់គណខេត្ត និងលោកឃ្លោក នួយអភិបាលរងខេត្ត បានមានសាលដីកា និងប្រសាសន៍ថា សាសនា ជាប្រភពផ្តល់នូវគុណតម្លៃដ៏សំខាន់ដែលមានឥទ្ធិពលលើរបបនយោបាយ ច្បាប់ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ការប្រតិបត្តិសាសនានៅក្នុងសង្គមជាតិនីមួយនីមួយ ដែលមានជាប់ទាក់ទងនឹងប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់ជាតិសាសន៍នោះផងដែរ។
អត្តសញ្ញាណ និងគុណតម្លៃរួមដឹកនាំជីវិតរស់នៅរបស់មនុស្សក្នុងសង្គមនីមួយនីមួយ ធ្វើឲ្យផ្នត់គំនិតឥរិយាបថសកម្មភាពមនុស្សមានភាពសមរម្យនិងមានលក្ខណៈប្រហាក់ប្រហែលគ្នា អាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនាក្នុងបរិបទនេះការអប់រំតាមរយៈព្រះពុទ្ធសាសនាកាន់តែមានតួនាទី ដើម្បីធានាថាការរីកចម្រើនខាងសម្ភារៈនិងស្មារតីត្រូវតែមានល្បឿនស្មើគ្នា ការស្វែងរកភាពមានបាន ខាងសំភារៈត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់យុត្តិធម៌ សមធម៌ សុជីវធម៌ សីលធម៌និងគុណធម៌។ដូច្នេះវាពិតជាមានភាពចាំបាច់ និងបន្ទាន់នៅក្នុងការពន្យល់ថាសង្គមមនុស្សអាចមើលឃើញពីគុណតម្លៃនិងផលប្រយោជន៍នៃការប្រព្រឹត្តត្រឹមត្រូវតាមធម៌វិន័យការគោរពច្បាប់ការលើកកម្ពស់ យុត្តិធម៌មនុស្សធម៌សីលធម៌ គុណធម៌ និងការសន្សំបុណ្យកុសលដើម្បីបានជាបុណ្យកុសលរួមជួយឲ្យសង្គមមានសាមគ្គីធម៌សង្គម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចិរភាព និងក៏ជាបុណ្យកុសលសម្រាប់ជីវិតបរលោក បានទៅកាន់សុគតិភពនិងបរមសុខផង។ ព្រះពុទ្ធសាសនា នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ត្រូវបានមេដឹកនាំនៃបណ្ដាប្រទេសជាច្រើនជាពិសេសប្រទេសមហាអំណាចធំៗ យល់ឃើញថាព្រះពុទ្ធសាសនា គឺជាសាសនានៃសុខសន្តិភាពអហិង្សានិងស្មារតីបម្រើមនុស្សជាតិ ដែលចាំបាច់ត្រូវលើកកម្ពស់អង្គមហាសន្និបាតព្រះមន្ត្រីសង្ឃខេត្ត បានដំណើរការទៅដោយរលូន បទអន្តរាគមន៍ របាយការណ៍ លទ្ធផលការងាររបស់សាលាអនុគណទាំង ៩ស្រុកក្រុង ងាយស្រួល លំបាកបញ្ហាប្រឈមផ្សេងៗត្រូវបានធ្វើការដោះស្រាយ៕ដោយ៖ឃិន គន្ធា