កំពង់ចាម៖ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបាន រឹតបន្តឹងទាំងបំពានច្បាប់ ដល់ក្រុមអាជីវករដឹកជញ្ជូន សត្វគោ ក្របី ឆ្លងកាត់ខេត្ត យ៉ាងចាស់ដៃ ដោយកំណត់តម្លៃឲ្យបង់ក្នុងសត្វ១ក្បាល ៣ម៉ឺនរៀល ភាពប្រឈមរបស់អាជីវករទាំងនោះ អាច ធនាគារ អូសយកដី ផ្ទះ និងឈានទៅ
ក្រុមអាជីវករ ដឹកជញ្ជូន សត្វគោ ក្របី បាននាំគ្នានិយាយត្រង់ៗថា នៅយប់ថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែតុលានេះ ពួកគាត់បាននាំគ្នា ទូរស័ព្ទប្រាប់មកមន្ត្រីពេទ្យសត្វខេត្តឈ្មោះ ឈិន ផល្លា ជាមុនដើម្បីតថ្លៃបង់លុយ និងសុំភ្លើងខៀវក្នុងការចរាចរសត្វ ឆ្លងខេត្ត ត្រូវបង់៣ម៉ឺនក្នុងសត្វ១ក្បាល ក្នុងយប់នោះដែរ មានអាជីវករ១-ឈ្មោះ ម៉ែន ជា ដឹកក្របីចំនួន២០ក្បាល ត្រូវ បង់លុយ ៣០ម៉ឺនរៀល ២-ជួង ផាន់ ក្របី១៧ក្បាល បង់៣០ម៉ឺនរៀល ៣-ណាល់ ណុល ក្របី៧ក្បាល បង់១៩ម៉ឺនរៀល ៤-ស៊ិន ឆេន ហៅ វិត គោលាយក្របី១៨ក្បាល បង់៤៤ម៉ឺនរៀល ៥-ជា ធឿន គោ២៥ក្បាល បង់១៥ម៉ឺនរៀល ៦-សួង សុខឃឿន ក្របី២១ក្បាល បង់១៥ម៉ឺនរៀល និងទី៧-ដឹកហ៊ុនគ្នា ឈ្មោះ រស់ ឃ្លី យាន និងផាន់ គោ២១ក្បាល បង់២៥ម៉ឺនរៀល ។ក្រុមអាជីវករបានបន្តឲ្យដឹងទៀតថា នៅយប់ថ្ងៃទី១៧.១៨ នេះដែរ ក្រុមដឹកជញ្ជូនរួមមានឈ្មោះ ១- ភាន់ ក្របី២២ក្បាល បង់១៥ម៉ឺនរៀល ២-វ៉ែន ថា ក្របី១០ បង់១០ម៉ឺនរៀល ៣-ណាល់ ណុល ក្របី៧ក្បាល បង់១៧ម៉ឺនរៀល និង ៤-ម៉ែន ជា ក្របី២០ក្បាល បង់៣០ម៉ឺនរៀល ។ ចំពោះកន្លែងបង់លុយ ជួនតាមបណ្តោយផ្លូវជាតិលេខ៧ អាចក្នុងក្រុងកំពង់ចាម មើលតាមកាលៈទេសៈ ជួនអាចរំលោភដែនទៅបង់ក្នុងទឹកដីខេត្តត្បូងឃ្មុំទៀតផង ។
ហើយមន្ត្រីរូបនោះគេថា លុយដែលគេយកគឺគេកាត់តាមច្បាប់ ហើយបើខាងនាយកដ្ឋានគេចុះមក ចាំគេប្រាប់គេនាំគេចពីពួកនាយកដ្ឋាន មិនតែប៉ុណ្ណោះគេតែងតែយកពាក្យនាយកដ្ឋានមកគំរាមចាប់រហូត ។លោក ឈិន ផល្លា មន្ត្រីពេទ្យសត្វខេត្តបានឆ្លើយទាំងព្រលឹងចុងសក់ថា កាត់មិនបានយកលុយពីក្រុមបងប្អូនអាជីវករទាំងនោះទេ បើមិនជឿហៅមកសួរទៅ ហើយក៏មិនបានទារឲ្យបង់ សត្វគោ ក្របី ក្នុង១ក្បាលបង់៣ម៉ឺនរៀលដែរ គឺយកតែ២០០០រៀល តម្លៃកាត់ច្បាប់តែប៉ុណ្ណោះ ។ដោយឡែក លោក នង ម៉េងហៀង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត នៅម៉ោង ១០ និង៤៨នាទី ថ្ងៃទី១៨ នេះដែរ យើងបានទូរស័ព្វទំនាក់ទំនងជាច្រើនដងតែពុំអាចសុំការបំភ្លឺបាន ។
លោក គឹម សាវឿន ប្រធានមន្ទីរកសិកម្មខេត្តបានអះអាងថា មន្ទីរមិនបានបញ្ជាឲ្យយកលុយ ពីអាជីវករដែលរកស៊ីដឹក ជញ្ជូន គោ ក្របី ទាំងនោះទេ ។ ដឹកខុសច្បាប់ គឺចាប់ ឃាត់ទុក ធ្វើការពិន័យ អាចពី១លានរៀល ទៅ៥លានរៀល គោឈឺ ត្រូវពិនិត្យកំទេចចោលបើគោធ្លាប់ពាក់ព័ន្ធចោរកម្ម ត្រូវឡើងតុលាការ ។ក្រុមអាជីវករ សំណូមពរសូមឲ្យខាងស្ថាប័ន ACU គួរពិនិត្យបើកការស៊ើបអង្កេតករណីមិនប្រក្រតីនេះ ដល់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាមផង ទើបក្រុមអាជីវករ គេចផុតពីការប្រឈមខាងលើ ៕