កំពង់ធំ៖ យ៉ាងហោចណាស់មានមនុស្ស០១នាក់បានស្លាប់ និងមនុស្សប្រុស ស្រី ក្មេង ចាស់ ៦៤នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសន្ទុក-បារាយណ៍ សង្ស័យជាករណីពុលនំបញ្ចុក។ ករណីនេះកើតឡើងនៅថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពនៅទីនោះនៃគ្រួសារសពឱ្យដឹងថា៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះទាំងនោះ នាំគ្នាទិញនំបញ្ចុកហូបរៀងៗខ្លួន នៅតូបម្ចាស់អ្នកលក់តែមួយ។ លុះហូបរួច រហូតដល់ចន្លោះម៉ោង២១ទៅម៉ោង១២យប់ពួកគាត់មានអាការ:ក្អួតចង្អោរ វិលមុខ រាគរូស និងត្រូវបងប្អូនសាច់ញាតិដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ជាបន្តបន្ទាប់។
ប៉ុន្តែក្នុងចំណោមនោះ ជាអកុសល មានលោកយាយម្នាក់ ឈ្មោះអ៊ុ ងៀម អាយុ៧១ឆ្នាំ រស់នៅភូមិផ្លូវទទឹង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្លាប់តាមផ្លូវបន្ទាប់ដឹកយកមកសង្គ្រោះនៅមន្ទីពេទ្យ។
មកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះលោក អួង សារឿន អភិបាលស្រុកបារាយណ៍ និងក្រុមការងារបានចុះសួរសុខទុក្ខទៅដល់បងប្អូនប្រជាពលរដ្ឋដែលពុលចំណីអាហារកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុកផងដែរ។ ក្នុងនោះលោកបញ្ជាក់ថា៖ ពេលនេះជនរងគ្រោះដែលពុលចំណីអាហារ បានរួចផុតពីអាយុជីវិត និងជាសះស្បើយអស់ហើយ៕ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប ៕