បន្ទាយមានជ័យ៖ ក្រោយពីបានរៀបចំពិធីផ្សព្វផ្សាយសិក្សាអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យរយៈពេលមួយថ្ងៃកន្លះទទួលបានផ្លែផ្កាជោគជ័យរួចមក នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នៅវត្ត ឧត្ដមរត្យារាមត្រពាំងថ្មស្រុកភ្នំស្រុកបានធ្វើពិធីបិទមហាសន្និបាត មន្រ្ដីសង្ឃប្រចាំឆ្នាំលើកទី៣១ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតបួរគ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះប្រធានអគ្គនាយកនៃគណៈធម្មយុត្តិកនិកាយ ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មន្ទីរធម្មការនិងសាសនាខេត្តក៏ដូចជាសាលាគណ ទាំងពីរគណៈនៃព្រះអនុគណទាំង៩ ស្រុកក្រុងទាំងមន្ត្រីសង្ឃ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្តព្រមជាមួយពុទ្ធបរិស័ទទាំងអស់ បានខិតខំយកចិត្តទុកដាក់រួបរួមគ្នាអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រ ដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំបានផ្តល់លទ្ធភាពគ្រប់បែបយ៉ាងធ្វើឲ្យវិស័យព្រះពុទ្ធសាសនាកាន់តែមានជំនឿជឿជាក់លើប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់ទៅព្រះពុទ្ធសាសនាបានរួមចំណែកអភិវឌ្ឍវិស័យហេដ្ឋា សម្ព័ន្ធសង្គមដូចជាស្ពាន វត្តអារាម សាលារៀនមន្ទីរពេទ្យ កាកបាទក្រហម ការងារសង្គម ការងារមនុស្សធម៌និងអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ និងសុជីវធម៌ដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ។
លោក ឃ្លោក នួយអភិបាលរងខេត្ត និងឯកឧត្ដមងួន ស្តេច ភក្តីរដ្ឋលេខាធិការក្រសួង ការនិងសាសនាបានមានប្រសាសន៍ថា ជាការពិតណាស់វត្តអារាមរួមទាំងព្រះសង្ឃ មិនគ្រាន់តែជាទីស្ថាននិងជាបុគ្គលសម្រាប់តែគោរពសក្ការបូជាប៉ុណ្ណោះ ជាកន្លែងមួយបង្កើតនូវប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណ បណ្តុះនូវបញ្ញាជនសម្រាប់ការអភិវឌ្ឍជាតិលើគ្រប់វិស័យផងដែរជាក់ស្តែងយើងសង្កេតឃើញថា សាលារៀនមានទីតាំងជាប់នឹងវត្តដែលបានបង្ហាញឲ្យឃើញថា វត្តអារាមនិងព្រះសង្ឃមានតួនាទីរួមចំណែកក្នុងការកសាងសង្គមជាតិប្រកបដោយសីលធម៌ ចរិយាធម៌ ដើម្បីឲ្យមានការអភិវឌ្ឍសង្គមជាតិសេដ្ឋកិច្ច ប្រកបដោយសមធម៌ និងមានការគោរពទាមទារឲ្យមានការអភិវឌ្ឍផ្នែកអប់រំសីលធម៌ ចរិយាធម៌ដែរ ការប្រកាសព្រះឧបជ្ឈាគណៈមហានិកាយខេត្តគ្រប់ស្រុកក្រុង និងប្រកាសមុខតំណែងជាគណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីម ព្រមទាំងបានបំពាក់នូវគ្រឿងឥស្សរិយយសប្រគល់ប្រគេន រួចមក សម្ដេចមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានមានព្រះបន្ទូលបញ្ជាក់ថា អនុសំវចរមហាសន្និបាតមន្រ្តីសង្ឃ មហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តដែលកំពុងប្រារព្ធធ្វើនាពេលនេះគឺប្រព្រឹត្តទៅប្រកបដោយសាមគ្គីភាពដ៏ទូលំទូលាយនិង ស្និទ្ធស្នាល និងវិស័យនៃព្រះពុទ្ធសាសនាស្របពេលដែលប្រជាពលរដ្ឋកម្ពុជាយើងកំពុងរស់នៅក្នុងប្រទេសមួយពោរពេញទៅដោយសុខសន្តិភាពនិងវិបុលភាពសុភមង្គល និងសិទ្ធិសិរីភាព ខាងជំនឿសាសនានិងការអភិវឌ្ឍលើគ្រប់វិស័យក្រោមម្លប់ដ៏ត្រជាក់របស់ព្រះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមភាព សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតទៀតនាយករដ្ឋមន្ត្រី៕ដោយ៖ឃិន គន្ធា