ឧត្តមសេនីយ៍ទោ សោម  ស៊ុន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា លេីកទឹកចិត្ត ចំពោះ ការកសាងជីវភាពថ្មីរបស់អតីតយុទ្ធជនពិការ រស់នៅលើដីសម្បទានសង្គមកិច្ច នៅឃុំក្រយា

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅត្រួតពិនិត្យនិងលើកទឹកចិត្ត ដល់ក្រុមគ្រួសារអតីតយុទ្ធជនពិការភ្នែកឈ្មោះ លី វណ្ណឌី អាយុ៥២ឆ្នាំ មានភរិយាឈ្មោះ ចាន់ ធារិទ្ធ អាយុ៥១ឆ្នាំ  មានសមាជិកគ្រួសារនៅក្នុងបន្ទុកចំនួន០៤នាក់ ដែលកំពុងរស់នៅកសាងជីវភាពថ្មីនៅលើដីសម្បទានសង្គមកិច្ច និងផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក លី វណ្ណឌី អតីតយុទ្ធជនពិការភ្នែកខាងស្តាំ ដោយសារសង្គ្រាមនៅលើសមរភូមិពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីឆ្នាំ១៩៩១ បានថ្លែងថា លោកបានចាប់ឆ្នោតទទួលបានក្បាលដីសម្បទានសង្គមកិច្ចចំនួនមួយហិចតាកន្លះ និងផ្ទះមួយខ្នងទំហំ០៥ម៉ែត្រ×០៧ម៉ែត្រកន្លះ មានបង្គន់អនាម័យ អណ្ដូងទឹកស្អាត សម្រាប់ប្រើប្រាស់ ហើយបានមករស់នៅទីនេះអស់រយៈពេលជិត៣ឆ្នាំកន្លងមកហើយ។ ដោយគាត់បានខិតខំកែប្រែជីវភាពថ្មី ក្រោមការជំនួយឧបត្ថម្ភពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  និងទៅរកការងារជាកម្មករស៊ីឈ្នួលគេ បានប្រាក់កម្រៃពីខាងក្រៅ រួមជាមួយ និងប្រាក់បៀវត្ស ដែលរាជរដ្ឋាភិបាលផ្តល់ជូនប្រចាំខែ  ដើម្បីយកមកធ្វើបង្គោលរបងថ្ម  និងរបាលួសព័ទ្ធជុំវិញផ្ទះរបស់គាត់ ហើយបានដំណើរ ការដាំដំណាំគ្រប់ប្រភេទ។ ពិសេសបច្ចុប្បន្ននេះគាត់បានដាំដូងចំនួន២៥០ដើម ដំឡូងមីបានកន្លះហិចតាជារៀងរាល់រដូវ ព្រមទាំងដំណាំហូបផ្លែជាច្រើនមុខទៀត ធ្វើឲ្យជីវភាពគ្រួសាររបស់គាត់បានធូរធារ រស់នៅបានសមរម្យ ជាក្រុមគ្រួសារអតីតយុទ្ធជនគម្រូ នៅលើដីសម្បទានសង្គមកិច្ចនៅ។

ថ្លែងនៅក្នុងកម្មវិធីនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងលើកទឹកចិត្តដល់អតីតយុទ្ធ ជនពិការ និងក្រុមគ្រួសារ ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងជម្នះគ្រប់ឧបសគ្គក្នុងការកសាងជីវភាពថ្មីនៅលើដីសម្បទានសង្គមកិច្ច ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង បាន ណែនាំ បន្ថែម ដោយ ត្រូវ បន្ត ខិតខំ ប្រឹងប្រែង បន្ថែម ទៀត ក្នុង ការ បង្ករបង្កេីងផលចិញ្ចឹមសត្វ ព្រមទាំង ខិត ខំ ថែរក្សា សុខភាព ឲ្យ បាន ល្អប្រសើរ ផងដែរ   ។

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតទៅឧបត្ថម្ភជូនក្រុមគ្រួសារគាត់នូវ÷ អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន០២កេស ត្រីខកំប៉ុងចំនួន០២យួរ ទឹកត្រីទឹកស៊ីអ៊ីវចំនួន០២យួរ និងថវិកាមួយចំនួនផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ