នាយកគម្រោងការប្រកួតប្រជែងខ្សែច្រវាក់តម្លៃបានលើកឡើងពីគោលនយោបាយអាទិភាព៦ចំណុច នៃយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា អាណត្តិទី៧

0

កំពង់ធំ៖ ឯកឧត្តម អ៉ឹង វណ្ណា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោងការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានឱ្យដឹងថា គោលនយោបាយអាទិភាព៦ចំណុច នៃយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧គឺ ១.ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល។ ២.ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។ ៣.ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ទៅតាមស្ថានភាពជាក់ស្តែងនៃវិបត្តិ ឬគ្រោះអាសន្ន នៅតាមគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេស ដែលនឹងគ្របដណ្តប់លើប្រជាជនសរុបប្រមាណ៤.៣លាននាក់។

៤.ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម ៥.ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ តាមរយៈការដាក់ចេញកញ្ចប់ថវិកាជាក់លាក់ ដោយចាប់ផ្តើមពីចំនួន១០០លានដុល្លារ និងថវិកាបន្ថែម ប្រសិនបើមានតម្រូវការចាំបាច់ ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេល ក្នុងការទិញកសិផល ពីប្រជាកសិករជាមួយ នឹងគោលដៅរក្សាស្ថិរភាពថ្លៃ នៅរាល់រដូវប្រមូលផល។ ជាពិសេស លើផលិតផលកសិកម្មមួយចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និងផលិតផលផ្សេងទៀតតាមការចាំបាច់។ ៦.ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំសង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន។

ការលើកឡើងរបស់ឯកឧត្តមនៅសាលាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងវគ្គបណ្ដុះបណ្ដាលស្តីពីសុវត្ថិភាពចរាចរណ៍ដល់មន្រ្តីសាលាស្រុក  អាជ្ញាធរមូលដ្ឋានឃុំសាលាវិស័យគ្រប់ភូមិ និងលោកគ្រូ អ្នកគ្រូផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម អ៉ឹង វណ្ណា បានស្នើសុំជួយថែទាំផ្លូវចំនួន ១ខ្សែ និងបានណែនាំពីសុវត្ថិភាពចរាចរណ៍ ដល់អាជ្ញាធរមូលដ្ឋាន និងបានផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំក្រសួង ជូនចំពោះប្រជាពលរដ្ឋ៕ អត្ថបទលោក ធូ កែវមុន្នី