អត្ថបទ :ដោយ ពាយ័ព្យ
ខេត្តបាត់ដំបង: ច្រាំងស្ទឹងសង្កែនៅប៉ែកខាងក្រោមទំនប់សាលាតាអន ដែលបានបាក់ស្រុតមួយចំហៀងប្រមាណជិត ២០ ម៉ែត្រ កាលពីប៉ុន្មានខែកន្លងទៅនេះនឹងរៀបចំជួសជុលឡើងវិញនៅពេលខាងមុខនេះក្រោយពីក្រសួងធនធានទឹកបានចុះទៅពិនិត្យកាលពីពេលកន្លងទៅថ្មីៗនេះ។
គួរបញ្ជាក់ដែរថាច្រាំងស្ទឹងសង្កែនៅខាងក្រោមទំនប់ស្ទាក់ទឹកសាលាតាអនបែ៉កខាងកើតស្ទឹង ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបាក់ស្រុតយ៉ាងខ្លាំងទៅក្នុងស្ទឹងនិងមានការប៉ះពាល់ដល់ផ្លូវសាធារណៈថែមទៀតផង ដែលបញ្ហានេះបានកើតឡើងប៉ុន្មានខែមកហើយ រហូតដល់ពេលនេះទំហំនៃការបាក់ស្រុកច្រាំងស្ទឹងកាន់តែមានសន្ទុះរំកិលទៅមុខរហូតជិតដល់មុខផ្ទះប្រជាពលរដ្ឋ ដោយមិនទាន់មានអង្គភាពជំនាញណាមួយត្រៀមគម្រោងជួសជុលនៅឡើយដែលដំបូងឡើយគេសង្កេតឃើញថាការបាក់ស្រុតនេះត្រឹមតែបន្តិចបន្តួច ប៉ុន្តែរហូតមកទល់នឹងពេលនេះគឺការបាក់ស្រុតកាន់តែខ្លាំងទៅនឹងកាន់តែវែងថែមទៀតហើយក៏ជាបញ្ហាមួយដែរប្រសិនបើគ្មានការជួសជុលនិងស្ថាបនាទាន់ពេលវេលាទេនោះ។
នៅព្រឹកថ្ងៃទី ១ ខែកុម្ភៈនេះ លោក ឡុងផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបានបញ្ជាក់ថា កន្លងទៅថ្មីៗនេះខាងក្រសួងធនធានទឹកបានចុះមកពិនិត្យដល់ទីតាំងកើតហេតុរួចហើយ និងសម្រេចថាជួសជុលឡើងវិញនៅពេលឆាប់ៗខាងមុខនេះដោយធ្វើយ៉ាងណាត្រូវបិទចរន្តទឹកឲ្យនៅទាបដើម្បីកុំឲ្យមានការរំខានដល់ការជួសជុលច្រាំងស្ទឹងនេះ។
លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា ក្រសួងមិនបណ្ដែតបណ្ដោយនិងអូសបន្លាយពេលតទៅទៀតបានទេ ដោយក្រសួងត្រៀមជាស្រេចទាំងឧបករណ៍និងថវិកា ដើម្បីធ្វើយ៉ាងណាឲ្យច្រាំងស្ទឹងខាងលើនេះមានសភាពរឹងមាំដូចដើមឡើងវិញ ៕