ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅចូលរួមពិធីបុណ្យសពប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត នៅឃុំបន្ទាយស្ទោង 

0

 កំពង់ធំ÷ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុម ការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកនូវគ្រឿងឧបភោគបរិភោគនិងថវិកា ដែលជាអំ ណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភក្នុងពិធីបុណ្យ សពលោកស្រី មន នី អាយុ៥១ឆ្នាំ ដែលជាប្រជាពលរដ្ឋក្រីក្រ បានទទួលមរណភាព ដោយរោគាពាធ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤  ម្សិលមិញ ស្ថិតក្នុងភូមិដូនប៉ុក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៤ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានថ្លែងថា ពេលប្រជាជនមានទុក្ខលំបាក គឺមានមុខក្រុមការងាររបស់រាជរដ្ឋាភិបាល រួមជាមួយអាជ្ញាធរដែនដី ដើម្បីជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ ជាមួយនេះផងដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្តាយអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់នូវប្រជាពលរដ្ឋ១រូប ដែលបានទទួលមរណភាព ដោយរោគាពាធនៅពេលនេះ និងបានសូមបួងសួង សូមឧ្យវិញ្ញាណក្ខន្ធគាត់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅ ក្នុង ពិធី បុណ្យ សព នេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំ យក អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះ រាជាណាចក្រ កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ទៅឧបត្ថម្ភជូនក្រុមគ្រួសារសព នៅពេលនេះមានអង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន ២កេស ទឹកត្រី ទឹកស៊ីអ៊ីវចំនួន២យូរ ត្រីខកំប៉ុងចំនួនពីរយួរ  និងថវិកាមួយចំនួន  ។

ក្រុមគ្រួសារសព លោក ស្រី មន នី បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រជាទីបំផុត ចំពោះសម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងាររបស់រាជ រដ្ឋាភិបាល ចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ  ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងឃុំ  និងបានគោរពជូនពរសម្តេច លោកជំទាវ ឯកឧត្តម អស់លោក លោកស្រី ទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈនិងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទតំបន់សឹករងកំពង់ធំ