កំពង់ធំ÷ តាមប្រសាសន៍របស់ឯកឧត្តម ងួន រតនៈអភិបាលខេត្តកំពង់ធំ បានចាត់ឱ្យឯកឧត្តម សុក ហៃ អភិបាលរងខេត្ត ជាអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តកំពង់ធំដឹកនាំកិច្ចប្រជុំពិភាក្សាការងារព័ត៌មាន ជាមួយមន្ទីរអង្គភាពក្រុង/ស្រុកទាំង៩ ក្នុងខេត្តកំពង់ធំ ដើម្បីយកព័ត៌មាន ដែលផលិតបានមកចុះផ្សាយបានរហ័ស ទាន់ចិត្ត និងត្រឹមត្រូវ។
នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កិច្ចពិភាក្សាការងារព័ត៌មាននេះ ក៏មានការអញ្ជើញចូលរួមពីប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលរងក្រុង/ស្រុកទាំង៩ និងមន្ត្រីរាជការជាច្រើននាក់ ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ជាមួយគ្នានេះផងដែរលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរខេត្តកំពង់ធំ បានឡើងលើកឡើងថា សម្រាប់ព័ត៌មានតាមក្រុង/ស្រុក ដែលថ្នាក់ដឹកនាំបានធ្វើសកម្មភាពអ្វីមួយ សូមសរសេរឱ្យបានត្រឹមត្រូវ បញ្ជូនមកមន្ទីរព័ត៌មានជាទម្រង់ខ្លីដើម្បីចងក្រងជាអត្ថបទ ជារូបភាពក្នុងការផុសក្នុងផេកមន្ទីរព័ត៌មាន។ ក្រុមលំហូរព័ត៌មាននៅតាមក្រុង/ស្រុក សូមឱ្យមានភ្នាក់ងារយកព័ត៌មាន០១នាក់ពិតប្រាកដ ដើម្បីយកព័ត៌មានជាមួយថ្នាក់ដឹកនាំខ្លួនយកមកចុះផ្សាយ។ ចំពោះការពាក់ព័ន្ធទៅនឹងរបាយការណ៍ព័ត៌មាន សូមឱ្យសរសេរមានលក្ខណៈខ្លីខ្លឹម ដែលមានមូលដ្ឋានគ្រឹះក្នុងការផ្ដល់ព័ត៌មាន។
ថ្លៃងនៅក្នុងកម្មវិធីនេះឯកឧត្តម សុក ហៃ ក៏មានប្រសាសន៍ថា ចំពោះព័ត៌មាននានាដែលអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តធ្វើការចុះដល់មូលដ្ឋាន ឬក៏មានការបើកប្រជុំអ្វីមួយ បានចាក់ផ្សាយទទួលបានលទ្ធផលល្អ។ ចំណែកឯព័ត៌មានក្រុង/ស្រុកវិញ ដែលបានផលិតព័ត៌មានរបស់ខ្លួនបានហើយ ច្រើនតែផុសជាឯកជន មិនមានការបញ្ជូនមករដ្ឋបាលខេត្ត ឬបញ្ជូនមកមន្ទីរព័ត៌មាននោះឡើយ។ សម្រាប់ស្រុកនីមួយៗប្រសិនបើមានសកម្មភាពច្រើន សូមផ្ញើព័ត៌មានណាដែលចាំបាច់ និងមានការរីកចម្រើននៅក្នុងមូលដ្ឋាន យកព័ត៌មាននោះផ្ញើមករដ្ឋបាលខេត្ត ឬមន្ទីរព័ត៌មានឱ្យជួយចាក់ផ្សាយជាបន្ទាន់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋគាត់ទទួលបាននូវព័ត៌មានពិតប្រាកដ។
ឯកឧត្តមអភិបាលរងខេត្តបានបន្តទៀតថា អភិបាលក្រុង/ស្រុកទាំងអស់ ជ្រើសរើសព័ត៌មានណាមួយដែលមានប្រយោជន៍ពីសហគមន៍ ដើម្បីយកមកចុះផ្សាយពីសមិទ្ធផលរីកចម្រើនមួយនៅក្នុងសហគមន៍របស់ខ្លួន។ ត្រូវបង្កើតគ្រុបតេឡេក្រាមមន្ទីរអង្គភាព ក្រុង/ស្រុក ដើម្បីពិនិត្យរាល់ព័ត៌មាននៅតាមមូលដ្ឋាន ពិសេសគឺពិនិត្យទៅលើខ្លឹមសារ អក្ខរាវិរុទ្ធ ប្រយោគ ដើម្បីឱ្យមានន័យគ្រប់គ្រាន់យកមកចាក់ផ្សាយឱ្យបានត្រឹមត្រូវ ស្របតាមវិជ្ជាជីវៈរបស់ខ្លួន។
ជាចុងក្រោយឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានសង្កត់ធ្ងន់ទៅដល់មន្ទីរអង្គភាព និងក្រុង/ស្រុកទាំងអស់ សូមឱ្យលោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត ធ្វើកម្មវិធីសន្ទនាមតិ ដើម្បីឱ្យមន្ទីរអង្គភាព ក្រុង/ស្រុកបានចូលរួមគ្រប់ៗគ្នា។ ត្រូវតែបង្កើតគ្រុបតេឡេក្រាម មន្ទីរអង្គភាពក្រុង/ស្រុក ពិសេសគឺត្រូវបញ្ចូលអភិបាលខេត្ត អភិបាលរងខេត្ត ក្នុងការតាមដានរាល់ព័ត៌មានដែលបានចេញផ្សាយ។ ត្រូវផ្ដល់ទម្រង់របាយការណ៍មួយជាក់លាក់ក្នុងការរាយការណ៍ និងជ្រើសរើសយកព័ត៌មានដែលមានខ្លឹមសារល្អក្នុងការបញ្ជូនមករដ្ឋបាលខេត្ត និងមន្ទីរព័ត៌មាន។ សម្រាប់ព័ត៌មានដែលបានផ្សាយក្តៅៗ ពីផលអាក្រក់របស់រដ្ឋបាលខេត្ត ឬក៏មន្ទីរអង្គភាពណាមួយ សូមឆ្លើយតបភ្លាមៗក្នុងការដោះស្រាយឱ្យបានទាន់ពេលវេលា៕ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប