ជើងមាន់៤កុងតឺន័រត្រូវបានសមត្ថកិច្ចជំនាញសម្រេចធ្វើការដុតកម្ទេចចោលនៅថ្ងៃស្អែក

0

ដោយ គឹម សេង

ខេត្តស្វាយរៀង៖ ជើងមាន់ទាំង៤កុងតឺន័រដែលត្រូវបានសមត្ថកិច្ចឃាត់បានកាលពីថ្ងៃទី ៣១ខែមករាឆ្នាំ ២០២៤កន្លងទៅនេះ ត្រូវបាននាំមកទីលានចាក់សំរាមដែលមានគ្រឿងចក្រអេស្កាវាទ័រ ជីករណ្ដៅចាក់ជើងមាន់ចូល ដើម្បីត្រៀមដុតកម្ទេចចោល ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយសារពុំមានឯកសារគ្រប់គ្រាន់។
យោងតាមមន្ត្រីជំនាញបានឲ្យដឹងនៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ២០២៤ នេះថា ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យទៅលើទំនិញទាំង៤កុងតឺន័រដែលផ្ទុកជើងមាន់នេះ ដោយពិនិត្យឃើញថាពុំមានឯកសារគ្រប់គ្រាន់ទើបនៅថ្ងៃទី៣ កុម្ភៈនេះ បាននាំទំនិញទាំងនេះយកមកទីលានចាក់សំរាម ដើម្បីត្រៀមដុតកំទេចចោលនៅថ្ងៃស្អែក ថ្ងៃទី៤កុម្ភៈឆ្នាំ២០២៤។
ជាមួយគ្នានេះ នៅកន្លែងជីករណ្ដៅត្រៀមដុតជើងមាន់កំទេចចោល ក៏មានវត្តមានមន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ ការពារយ៉ាងតឹងរឹងផងដែរ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប ខេត្តស្វាយរៀងបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា វេលាម៉ោង ២១៖២០នាទី មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានឃាត់កុងទីន័រចំនួន៤គ្រឿង ដើម្បីត្រួតពិនិត្យ។ ក្រោយការត្រួតពិនិត្យបានរកឃើញថា រថយន្តកុងតឺន័រទាំង៤គ្រឿងនេះ ផ្ទុកជើងមាន់។
តាមការអះអាងរបស់អ្នកបើកបរបញ្ជាក់ថា ទំនិញទាំងអស់នេះគឺបាននាំចូលពីប្រទេសវៀតណាម ហើយផ្ទេរទូរកុងតឺន័រនៅចំណុចសូន្យចូលមកកម្ពុជាតាមមាត់ច្រកអន្តរជាតិបាវិត ហើយដឹកទៅច្រកដូងនៅស្រុករមាសហែក រួចនាំចូលទៅវៀតណាមវិញ។ ទំនិញទាំងនេះជារបស់ក្រុមហ៊ុន SBL ដែលមានទីតាំងនៅក្រុងបាវិត។
លោក ពេញ សារ៉េត (ម្ចាស់ឡានកុងតឺន័រ) បានបញ្ជាក់ថា គាត់ជាអ្នកគ្រប់គ្រងឡានកុងតឺន័រទាំង៤គ្រឿងនេះ ហើយមិនបានដាក់ឯកសារ (ដឹកទំនិញ) មកជាមួយតាមឡានទេ ហើយទំនិញទាំងនេះមានទិសដៅទៅច្រកដូង ស្រុករមាសហែក ហើយគ្រោងនាំចូលទៅវៀតណាមវិញ៕