សមត្ថកិច្ចនគរបាលខេត្តព្រះវិហារ ចាប់រថយន្តដឹកឈើ និងរថយន្តបិទផ្លូវ ២គ្រឿង រឹបអូសឈើជ្រុងជាង ១០ដុំ ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ៣នាក់

0

ខេត្តព្រះវិហារ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តព្រះវិហារ បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន ស្រុករវៀង និងស្រុកត្បែងមានជ័យ ប្រដេញស្ទាក់ចាប់រថយន្តដឹកជញ្ជូនផល-អនុផលព្រៃឈើ ២គ្រឿង ក្នុងនោះ ១គ្រឿងជារថយន្តបិទផ្លូវ សម្រាប់រារាំងកិច្ចការសមត្ថកិច្ច រឹបអូសឈើអារជ្រុងដែលមានមុខកាត់ធំ និងវែង ១៣ដុំ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ៣នាក់ នៅចន្លោះពីម៉ោង ១២រំលងអាធ្រាត្រ ដល់ម៉ោង ៥ទៀបភ្លឺ ឈានចូលថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២៤ ស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ការប្រដេញស្ទាក់ចាប់រថយន្តដឹកជញ្ជូនបទល្មើសព្រៃឈើខាងលើនោះ ត្រូវគេដឹងថា បានឡើងក្រោមបញ្ជាពី ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ,លោកស្នងការរងទទួលផែនបទល្មើសខេត្ត ពិសេសក្រោយទទួលបានការដាក់ចេញ នូវបទបញ្ជា ដល់មន្ទីរជំនាញ និងកងកម្លាំងសមត្ថកិច្ច ពីអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ឲ្យខិតខំរួមគ្នាចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន និងក្រោមកិច្ចសម្របសម្រួលពី ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ផងដែរ។

នាយការិយាលយ័នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តព្រះវិហារ លោកវរសេនីយ៍ឯក រស់ សុធី បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងនៅថ្ងៃនេះថា សមត្ថកិច្ចនគរបាលខេត្ត បានប្រដេញស្ទាក់ចាប់បានរថយន្តចង្កូតស្តាំដឹកឈើ ១គ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ KDL-5104 ដឹកជញ្ជូនឈើលេខ១ ប្រភេទឈ្លីកជ្រុង ១៣ដុំ និងរថយន្ត ១គ្រឿងទៀត ម៉ាកស៊ីណា ពណ៌ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9297 រថយន្តនេះបានធ្វើសកម្មភាពបើកបិទផ្លូវ (បទគូថរយន្តដឹកឈើ) និងបានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ៣នាក់ នៅក្នុងសកម្មភាពដឹកជញ្ជូនឈើនោះ ។

លោកវរសេនីយ៍ឯក រស់ សុធី បានឲ្យដឹងទៀតថា មុនពេលចាប់បានរថយន្តទាំង ២គ្រឿងនោះ ដោយគេដឹងថា រថយន្តនេះបានដឹកជញ្ជូនឈើចេញពីស្រុកឆែប ចូលមកស្រុកជ័យសែន បន្តមកស្រុករវៀង ហើយបើកត្រឡប់ក្រោយ ចូលមកស្រុកត្បែងមានជ័យ រថយន្តដឹកបទល្មើសបានបើកបុកបារ៉ាស់ និងបើកកៀររថយន្តសមត្ថកិច្ច និងកម្លាំងសមត្ថកិច្ច បានប្រដេញស្ទាក់ចាប់បាននៅក្នុងស្រុកសង្គមថ្មី ដូច្នេះ កម្លាំងសមត្ថកិច្ចបានចំណាយពេលជាងពាក់កណ្តាលអាធ្រាត្រ ទើបឈានដល់ការចាប់រថយន្តដឹកឈើ និងជនសង្ស័យទាំង ៣នាក់នេះបាន។

លោកវរសេនីយ៍ឯក រស់ សុធី បានបញ្ជាក់ថា ក្រោយការបង្ក្រាបបានរថយន្តដឹកឈើ និងការឃាត់ខ្លួនបានជនសង្ស័យទាំង ៣នាក់នោះ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដោយជនសង្ស័យទាំង ៣នាក់ ១-ឈ្មោះ ឱន ទែ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ,២-ឈ្មោះ នី ណាក់ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិសាក្រៀម ស្រុកប្រាសាទបាលង្គ័ ខេត្តកំពង់ធំ និង ៣-ឈ្មោះ ស៊ុន សុផល ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិស្វាយដង្គុំ ឃុំស្វាយដង្គុំ ស្រុកសៀមរាប ខេត្តសៀមរាប។ លោកថា វត្ថុតាងដែលដកហូតបាន និងជនសង្ស័យទាំង ៣នាក់ ត្រូវបានកសាងសំណុំរឿង ផ្ទេរប្រគល់ទៅឲ្យកម្លាំងរដ្ឋបាលព្រៃឈើខេត្ត ចាត់ការជាបន្ត។

ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក គឹម សំឡេង បានបញ្ជាក់ថា ជុំវិញការបង្ក្រាបបទល្មើសដឹកជញ្ជូនផល-អនុផលព្រៃឈើល្មើសច្បាប់នោះ កម្លាំងសមត្ថកិច្ចបានប្រគល់រថយន្ត ២គ្រឿង និងជនសង្ស័យ ៣នាក់ ឲ្យមកកម្លាំងរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការស៊ើបអង្កេត និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ព្រោះត្បិតព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ បញ្ជាឲ្យចងក្រងសំណុំរឿង ដែលមានលក្ខណៈជាការប្រមូលផល-អនុផលព្រៃឈើ (ការប្រមូលឈើមានគ្នាច្រើន មានលក្ខណៈជាក្រុម) មកកាន់តុលាការខេត្ត។

លោក គឹម សំឡេង បានបញ្ជាក់ថា រាជរដ្ឋាភិបាល រួមទាំងអភិបាលខេត្តព្រះវិហារ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងតែងបំផុត ក្នុងការចុះទប់ស្កាត់ បង្ក្រាបការដឹកជញ្ជូនផល-អនុផលព្រៃឈើ ដែលមានលក្ខណៈជាជំនួញ (ការជួញដូរ) ដូច្នេះ សមត្ថកិច្ចត្រូវតែអនុវត្ត នូវបទបញ្ជានេះឲ្យខាងតែបាន បើពុំដូចនោះទេ បទល្មើសធនធានធម្មជាតិ នៅតែបន្តកើតឡើងជាបន្តបន្ទាប់ជានិច្ច៕ដោយ៖ឡុង សំបូរ