អភិបាលខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមគោលដៅ ដេីម្បីការពារការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ

0

ត្បូងឃ្មុំ: អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អមដំណើរដោយមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ទាំង ៤ ទីតាំង គ្រប់ដណ្តប់លើ ៩ឃុំ ក្នុងចំណោម ១២ឃុំ នៃស្រុកក្រូចឆ្មារ ដើម្បីត្រួតពិនិត្យសកម្មភាពលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹកដោយខុសច្បា់បបន្ត ពីសំណាក់ជនខិលខូច ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ពាក់ព័ន្ធនឹងដីអភិរក្សនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបនេះ រាជរដ្ឋាភិបាល ធ្លាប់បានចាត់កាត់ឆ្វៀលជូនប្រជាពលរដ្ឋរួចរាល់ហើយសម្រាប់កន្លែងដែលអាស្រ័យផលជាក់ស្តែង។ រាជរដ្ឋាភិបាល ក៏បានហាមផ្តាច់មិនឱ្យមានការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកនៅក្នុងតំបន់ទាំងនោះបន្តទៀតឡើយ។ ដីព្រៃលិចទឹក គឺជាជម្រកសម្រាប់ត្រីពងកូន ដ៏មានសារៈសំខាន់នៅក្នុងរដូវវស្សា។ បើដីព្រៃលិចទឹកនេះ ត្រូវបាត់បង់វាក៏នឹងប៉ះពាល់ដល់ជីវៈចម្រុះក្នុងបឹងទន្លេសាបផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់កម្លាំងចម្រុះទាំងអស់ ចុះល្បាតជាប្រចាំ នៅតាមគោលដៅនីមួយៗ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹកដែលជាសម្បត្តិរបស់រដ្ឋនេះ ២៤ម៉/២៤ម៉ តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ហើយបើមានការប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវតែចាប់ខ្លួនភ្លាមៗ ដោយបន្តស្រាវជ្រាវវែកមុខរកជនពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ជាមួយគ្នានោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រានទៅលើដីនៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ សូមខិតខំជួយការពារ និងអភិរក្សធនធានធម្មជាតិ និងជីវសាស្ត្រចម្រុះនានានៅតំបន់ព្រៃលិចទឹក ឱ្យបានគង់វង្ស ទុកសម្រាប់បម្រើជាឧត្តមប្រយោជន៍សាធារណៈ ។

គួរបញ្ជាក់ថា នៅក្នុងឱកាសសួរសុខទុក្ខទាំង ៤ ទីតាំង រួមមាន : តំបន់ក្របីក្រៀគ តំបន់ចម្ការ តំបន់ពស់អំបែង និងតំបន់ក្រពើខាំតា (ខ្នងព្រែក) ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានឧបត្ថម្ភស្បៀងអាហារ ក្នុង ១ទីតាំង មានដូចជា៖ អង្ករ ១០០គីឡូ ទឹកត្រី ២យួរ ទឹកស៉ីអ៉ីវ ២ យួរ មី ៧ កេស ត្រីខ ៥ យួរ ធុងទឹក ១ តង់ ១ និងថវិកាមួយចំនួនផងដែរ ដល់កងកម្លាំងចម្រុះទាំង ៤ ទីតាំង នៅក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ៕