ថ្នាក់ដឹកនាំខេត្តស្វាយរៀងដុតកម្ទេចចោលជើងមាន់ខូចគុណភាព និងគ្មានឯកសារនាំចូល ចំនួន ១០២,៦តោន ដែលសមត្ថកិច្ចចម្រុះបង្ក្រាបបានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤

0

ខេត្តស្វាយរៀង៖ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីដុតកម្ទេចចោលជើងមាន់ខូចគុណភាព និងគ្មានឯកសារនាំចូល ចំនួន ១០២,៦តោន ដែលសមត្ថកិច្ចចម្រុះបង្ក្រាបបានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង កន្លងមក ព្រឹកថ្ងៃអាទិត្យទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ពិធីដុតកម្ទេចចោលជើងមាន់ខូចគុណភាព និងគ្មានឯកសារនាំចូលនេះ រៀបចំនៅទីលានចាក់សំរាមក្រុងស្វាយរៀង ដោយមានកាអញ្ជើញចូលរួមពីលោកអគ្គនាយករងនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ឯកឧត្ដមអភិបាលរងខេត្ត ឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យការអអមសាលាដំបូងខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលក្រុងស្វាយរៀង តំណាងសាខាគយ និងរដ្ឋាករខេត្ត ព្រមទាំងអាជ្ញាធរដែនដី និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប ខេត្តស្វាយរៀងបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា វេលាម៉ោង ២១៖២០នាទី មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានឃាត់កុងទីន័រចំនួន៤គ្រឿង ដើម្បីត្រួតពិនិត្យ។ ក្រោយការត្រួតពិនិត្យបានរកឃើញថា រថយន្តកុងតឺន័រទាំង៤គ្រឿងនេះ ផ្ទុកជើងមាន់។
តាមការអះអាងរបស់អ្នកបើកបរបញ្ជាក់ថា ទំនិញទាំងអស់នេះគឺបាននាំចូលពីប្រទេសវៀតណាម ហើយផ្ទេរទូរកុងតឺន័រនៅចំណុចសូន្យចូលមកកម្ពុជាតាមមាត់ច្រកអន្តរជាតិបាវិត ហើយដឹកទៅច្រកដូងនៅស្រុករមាសហែក រួចនាំចូលទៅវៀតណាមវិញ។ ទំនិញទាំងនេះជារបស់ក្រុមហ៊ុន SBL ដែលមានទីតាំងនៅក្រុងបាវិត។
លោក ពេញ សារ៉េត (ម្ចាស់ឡានកុងតឺន័រ) បានបញ្ជាក់ថា គាត់ជាអ្នកគ្រប់គ្រងឡានកុងតឺន័រទាំង៤គ្រឿងនេះ ហើយមិនបានដាក់ឯកសារ (ដឹកទំនិញ) មកជាមួយតាមឡានទេ ហើយទំនិញទាំងនេះមានទិសដៅទៅច្រកដូង ស្រុករមាសហែក ហើយគ្រោងនាំចូលទៅវៀតណាមវិញ៕គឹមសេង