កំពង់ធំ÷ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រគល់ថវិកាចំនួន២លានរៀល តាមរយៈឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ជាប្រធានសភាពសហព័ន្ធយុវជនខេត្តកំពង់ធំ មកប្រគល់ជូនដល់លោក ជិន ចន និងកូនស្រីដែលមានជីវភាពខ្វះខាតដែលមក
ប្រកួតក្នុងកម្មវិធី(ប៊ូសស្រ្តង ព្រឹត្តិការណ៍បីស្ត្រី រដូវកាលទី២) ដែលប្រារព្ធនៅយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ មានទីតាំងនៅរង្វង់មូលតាក្រហម(ក)សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងលោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ នាំយកថវិកា២លានរៀលដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ទៅប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតស្ថិតនៅភូមិចំបក់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក ចក់ សារុ៉ន មេភូមិចំបក់បានលើកឡើងថា លោក ជិន ចន អាយុ៤៥ឆ្នាំ និងអ្នកស្រី ម៉ន ចៃ អាយុ៤៧ឆ្នាំមានកូនចំនួន០៣នាក់ក្នុងបន្ទុក ដែលមានជីវភាពខ្វះខាតពិតប្រាកដមែន។ ដោយក្រុមហ៊ុនប៊ូស្រ្តង គាត់ផ្សព្វផ្សាយព្រឹត្តិការណ៍បីស្ត្រីរដូវកាលទី២ នៅសង្កាត់ស្រយ៉ូវ ពេលនោះកូនស្រី អាន រចនា អាយុ១៦ឆ្នាំ រៀនថ្នាក់ទី៩ នៅអនុវិទ្យាល័យស្ទឹងសែន ក៏បានបបួលឪពុកទៅដាក់ពាក្យប្រឡងប្រកួតព្រឹត្តិការណ៍បីស្ត្រីរដូវកាលទី២ ដើម្បីយកម៉ូតូមកឱ្យកូនសិក្សារៀនសូត្រ តែមិនបានសម្រេចដូចបំណងនោះឡើយ។
លោក ជា វ៉ាន់ចាន់ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឃើញការតស៊ូរបស់លោកឪពុកដែលខំបីត្រកងកូន ក្នុងស្ថានភាពមួយដ៏លំបាកដែលគាត់មិនអាចទ្រាំនឹងការបីត្រកងនេះបាន ដើម្បីយកម៉ូតូឱ្យកូនមករៀនសូត្រ ដូចសិស្សដទៃ ប៉ុន្តែមិនបានសម្រេចទេ ដូច្នេះឯកឧត្តមឃើញពីការតស៊ូរបស់ឪពុកនិងកូន ក៏បានប្រគល់ថវិកានិងលើកទឹកចិត្តដល់ក្រុមគ្រួសារឱ្យមានជីវភាពល្អប្រសើរ។
ជាចុងក្រោយឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ក៏បានជំរុញនិងលើកទឹកចិត្តបន្ថែមដល់ក្រុមគ្រួសារ ត្រូវតែបញ្ជូនកូនឱ្យមករៀនបន្ថែមទៀត ដើម្បីឱ្យគាត់មានចំណេះ និងជំនាញនៅក្នុងខ្លួន ក្នុងការប្រើប្រាស់ជីវភាពប្រចាំថ្ងៃ។ សូមចូលរួមការទុកដាក់សំរាមប្រកបដោយសុវត្ថិភាព អនាម័យត្រឹមត្រូវ នៅតាមមូលដ្ឋានរបស់បងប្អូនមានសោភ័ណភាពស្រស់បំព្រង ចៀសវាងមានពីការឆ្លងជំងឺផ្សេងៗ តាមរយៈការទុកដាក់សំរាមពាសវាលពាសកាលនៅតាមដងផ្លូវ ៕អត្ថបទលោក ធូ កែវមុន្នី




































