ខឿនឧបោសថអាគារប្រាសាទតុបខាងលិច កំពុងទទួលបានការជួសជុល

0

សៀមរាប: អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងបន្តធ្វើការជួសជុលខឿននៃឧបោសថ អាគារ មុខប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីធ្វើការជួសជុលប្រាង្គកណ្តាលរបស់ប្រាសាទនេះបានចប់រួចរាល់។

ខឿននៃឧបោសថ អាគារ ដែលដើមឡើយ មានរោងធ្វើពីឈើប្រក់ក្បឿង(បច្ចុប្បន្ន ពុកផុយដួលរលំអស់ហើយ នៅសល់តែស្លាកស្នាមប៉ុណ្ណោះ) មានទទឹង៧,៥០ម៉ែត្រ និងបណ្តាយ១៧,៥០ម៉ែត្រ នេះ គឺជាទីតាំងនៃព្រះវិហារព្រះពុទ្ធសាសនា បន្ទាប់ពីប្រាសាទនេះ បានប្រែក្លាយជាប្រាសាទសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា តាំងពីសម័យកណ្តាលមក។

បើតាមការបញ្ជាក់របស់លោក ឡាំ សុភ័គ្រ អ្នកទទួលខុសត្រូវការងារជួសជុល បានឱ្យដឹងថា ក្នុងការជួសជុលនេះ គឺយើងនឹងធ្វើការរើតួខឿនទាំងមូលចេញ ដើម្បីធ្វើការពង្រឹងគ្រឹះ និងរចនាសម្ពន្ធផ្នែកខាងក្រោម ទើបរៀបផ្គុំតួខឿននៃឧបោសថាគារទាំងមូលឡើងវិញ ទៅតាមលំនាំដើម ហើយការងារជួសជុលនេះ គ្រោងនឹងបញ្ចប់នាពេល៣ខែខាងមុខ៕