កិច្ចប្រជុំ ពិភាក្សាស្តីពីការបញ្ជូនបញ្ជីឈ្មោះនិងលទ្ធផល  សមាជិកភូមិមួយ ផលិតផលមួយ

0

ខេត្តកែប៖ លោកស្រី ទិត សុខា អភិបាលរងខេត្ត  និងជាអនុប្រធានគណៈកម្មាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នឹងជាប្រធានគណៈកម្មាធិការខេត្ត  ជំរុញចលនាភូមិមួយផលិតផលមួយ  របស់រដ្ឋបាលខេត្តកែប បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលើការបញ្ជូនបញ្ជីឈ្មោះ និងលទ្ធផលសម្ភាសន៍ សម្រាប់ផលិតផលត្រូវចងក្រងជាសមាជិកចលនាភូមិមួយផលិតផលមួយ ជូនអគ្គលេខាធិការ  នៃ គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ  កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំតូចសាលាខេត្តកែប នៅរសៀលថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

មានមតិលើកឡើងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកស្រី ទិត សុខា បានបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាស្ដីពីការបញ្ជូនបញ្ជីឈ្មោះ និងលទ្ធផលសម្ភាសន៍ សម្រាប់ផលិតផលត្រូវចងក្រងសមាជិកភូមិមួយផលិតផលមួយ  របស់ខេត្តកែប នារសៀលនេះ ក្នុងគោលបំណង ប្រមូលនូវទិន្នន័យដែលសម្រេចបាន និងបន្ថែមនៅទិន្នន័យដែលខ្វះចន្លោះ ព្រមទាំងពិនិត្យនៅលទ្ធផលសម្ភាសន៍របស់ក្រុមការងាមន្ទីរជំនាញលើ ផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានដែលចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ។ ម៉្យាងវិញទៀត កិច្ចប្រជុំនេះ និងជម្រុញឲ្យអ្នកពាក់ព័ន្ធធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឲ្យបានយល់ច្បាស់បន្ថែមទៀត អំពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមក្នុងចលនាភូមិមួយផលិតផលមួយ ធ្វើយ៉ាងណាជម្រុញពួកគាត់ចូលជាសមាជិកចលនានេះអោយបានទូលំទូលាយបន្ថែមទៀត។

ក្នុងកិច្ចប្រជុំនោះដែរ ដើម្បីសម្រេចបាននៅផែនការសកម្មភាពដែលថ្នាក់ជាតិបានដាក់ជូន លោកស្រី អនុប្រធានគណៈកម្មាធិការ  ស្នេីដល់សមាជិក  សមាជិកា  គណៈកម្មាធិការខេត្ត  ជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តខិតខំប្រឹងប្រែងសហការជាមួយរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាព ពាក់ព័ន្ធ  ដើម្បីអនុវត្តការងារឲ្យទទួលបានលទ្ធផលល្អប្រសើរ និងបន្តរួមចំណែកផ្សព្វផ្សាយ នៅផលិតផលដែលមាន ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្ស  ក្នុងការជំរុញចលនាភូមិមួយផលិតផលមួយ នៅថ្នាក់ខេត្ត ក្រុង ស្រុក អោយទទួលបានចំណេះដឹង បទពិសោធន៍ ក្នុងការថែរក្សាបាននូវគុណភាព អនាម័យ និងបច្ចេកទេសផ្សេងៗ  របស់ផលិតផលផងដែរ។  លោកស្រីក៏បានបញ្ជាក់បន្ថែមថា ចំពោះការងារបញ្ជូនបញ្ជីឈ្មោះ និងលទ្ធផលសម្ភាសន៍ សម្រាប់ផលិតផលត្រូវចងក្រងជាសមាជិកចលនាភូមិមួយផលិតផលមួយ ត្រូវសម្រេចអោយបានជាលទ្ធផលមុនថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤  ខាងមុខនេះ៕ សេង ណារិទ្ធ