ខេត្តស្ទឹងត្រែង៖ អគារ និងឃ្លាំងដាក់សម្ភារៈរបស់ទីបញ្ជាការវរសេនាតូច ៩ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច នៃក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក នាថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៤ នៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែនឡាវ។
មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានសម្តែង ការអរគុណជាពន្លឹកចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ក៏ដូច លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងទ័ពជាប្រចាំ ធ្វើឲ្យកងទ័ពមានភាពកក់ក្ដៅ ។
លោកឧត្តមសេនីយ៍ទោ មៀច សាមុត ក្នុងនាមកងទ័ពទាំងអស់ បានប្តេជ្ញាការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជរដ្ឋាភិបាល និងគាំទ្រជានិច្ចលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និង ដើម្បីឆ្លើយតបនឹងដឹងគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបានចំពោះសម្តេចធិបតី កងទ័ពទាំងអស់ សូមគាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គ្រប់ៗអណត្តិ ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែង ពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករឭកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះ យោធិននៃអង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ ទាំងអស់ ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងកោតសរសើរកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ច ប្រកបដោយភាពអង់អាចក្លាហានគ្រប់កាលៈទេសៈក្នុងភារកិច្ចការពារបូរណភាពទឹកដី ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព និងក្រៅពីភារកិច្ចស្នូល កងពលតូចអន្តរាគមន៍លេខ១២៨ បានសហការជាមួយកងកម្លាំង អជ្ញាធរដែនដី បានចុះជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបគ្រោះមហន្តរាយធម្មជាតិផ្សេងៗ បានទាន់ពេលវេលា ផងដែរ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវបន្តគោរពអនុវត្តបទបញ្ញត្តិទាំង១០ របស់សម្តេចតេជោ និងបទបញ្ជាផ្សេងៗ របស់សម្តេចធិបតី អោយបានម៉ឹងម៉ាត់ ,កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បន្តសហការគ្នាជាមួយប្រទេសជាប់ព្រំដែន ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀត ដែលអាចជះឥទ្ធិពល ដល់សន្តិសុខក្នុងប្រទេស និងក្នុងតំបន់ ហើយប្រែក្លាយតំបន់ព្រំដែន ជាតំបន់សន្តិភាព និងការអភិវឌ្ឍ ,បន្តចូលរួមគាំទ្រ និងអនុវត្ត ប្រកបដោយឆន្ទៈ និងភាពស្មោះត្រង់ លើគោលនយោបាយរាជរដ្ឋាភិបាល និងកំណែទម្រង់លើវិស័យយោធា ទំនើបកម្មយោធា ជាពិសេសប្តេជ្ញាថែរក្សាការពារសុខសន្តិភាព ឱ្យខានតែបាន។
ស្របពេលជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានឧបត្ថម្ភថវិកាដល់អង្គភាព១២៨ និងប្រគល់អំណោយ ជូនដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដែលជួបការខ្វះខាតផងដែរ ៕ដោយ៖ឡុង សំបូរ