សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចេះទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ ក្រោយពេលប្រើប្រាស់រួចរាល់ ដើម្បីភាពស្រស់ស្អាតរបស់ខេត្តប៉ៃលិន

0

(ប៉ៃលិន)៖ លោក ម៉េត រ៉សេត ប្រធានយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាមូលដ្ឋានឃុំសាលាក្រៅ ខេត្តប៉ៃលិន បានលើកឡើងថា៖ ដើម្បីចូលរួមថែរក្សា ការពារនូវបរិស្ថាន និងលើកកំពស់សោភ័ណភាព ឲ្យកាន់តែស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកលេង កម្សាន្តក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះករនោះ ក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាមូលដ្ឋានឃុំសាលាក្រៅ និងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងកងកម្លាំង បានចុះសម្អាតអនាម័យបរិស្ថាន និងរើសសំរាមតាមដងផ្លូវជាតិលេខ៥៧ និងផ្លូវជាតិលេខ៥៩ ព្រមទាំងបានផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរទាំងអស់ នៅតាមទីផ្សារអំពីការសម្អាតអនាម័យ ការវេចខ្ចប់សំរាម និងកាកសំណល់ផ្សេងៗឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។

ការលើកឡើងរបស់លោក ម៉េត រ៉សេត ធ្វើនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។បើតាមការរៀបរាប់របស់លោក ម៉េត រ៉សេត ប្រធានយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាមូលដ្ឋានឃុំសាលាក្រៅ ខេត្តប៉ៃលិន បានឲ្យដឹងថា៖ ក្នុងការដឹកនាំក្រុមការងារ និងយុវជន ដើររើសសម្រាមសម្អាតបរិស្ថាន រក្សាសោភ័ណភាពនេះ គឺធ្វើចាប់ពីមុខច្រកទ្វាព្រំដែនអន្តរជាតិព្រំ រហូតដល់ទីរួមស្រុកសាលាក្រៅ ក្នុងគោលបំណង ចង់ឲ្យស្រុកសាលាក្រៅ ក្លាយជាស្រុកស្រស់ស្អាតពណ៌បៃតង និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ចំណែកលោក នឹម អឿន ប្រធានយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាមូលដ្ឋានសង្កាត់ប៉ៃលិន បានឲ្យដឹងដែរថា៖ ដោយមានការណែនាំ ចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានជំរុញដល់រដ្ឋបាលក្រុង/ស្រុក និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ត្រូវចុះសម្អាតអនាម័យបរិស្ថាន និងផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរទាំងអស់ នៅតាមទីផ្សារអំពីការសម្អាតអនាម័យ ការវេចខ្ចប់សំរាម និងកាកសំណល់ផ្សេងៗឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងផងដែរ។

លោក នឹម អឿន ប្រធានយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាមូលដ្ឋានសង្កាត់ប៉ៃលិន បានបន្តថា៖ ក្នុងការសម្អាតអនាម័យនេះដែរគឺក្រុមការងារយុវជនសហភពសហព័ន្ធយុវជនកម្ពុជាខេត្ត បានសហការជាមួយរដ្ឋបាលក្រុងប៉ៃលិន អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច ហើយម្យ៉ាងវិញទៀត ការដើររើសសំរាមនេះ គឺចង់ បង្ហាញឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមផ្ទះក្បែរដងផ្លូវ ឱ្យមានការអៀនខ្មាស កុំឱ្យបន្តបោះចោលសំរាមពាសវាលពាសកាល ព្រោះជាគំរូ មិនល្អដល់ក្មេងជំនាន់ក្រោយ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។លោកបន្តថា៖ ដើម្បីឱ្យទីក្រុងប៉ៃលិន ទាំងមូលមានភាពស្រស់បំព្រង និង ស្អាតល្អ ទាល់តែប្រជាពលរដ្ឋម្នាក់ៗ មានការរួមសហការគ្នា មិនត្រូវហូបអាហាររួច បោះចោលកាកសំណល់ចង់ប្លាស្ទិក កញ្ចប់ ឬដបធំរ ផ្តសផ្តាសនោះទេ។

ជាមួយគ្នានេះលោក ក៏បានសូមអំពាវនាវ ដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន លះបង់ចោលនូវទម្លាប់មិនល្អ ដែលបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់ មិន ដាក់ក្នុងធុងសំរាម ជាពិសេសអ្នករស់នៅតាមភូមិ សូមចាប់ផ្ដើមចេះសម្អាតអនាម័យមុខផ្ទះរបស់ខ្លួន ជារៀងរាល់ថ្ងៃ មិនត្រូវទុកសម្រាម រហូតដល់ក្លាយជាគំនរ នាំឱ្យបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងបង្កទៅជាជម្ងឺរោគាផ្ទុកផ្លូវដង្ហើមផ្សេងៗ ផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន