ខេត្តកំពត៖ អ្នករកសីុដឹកទំនិញតាមច្រកព្រំដែនអន្តរជាតិព្រែកចាកបានត្អូញត្អែរថា ឥឡូវនេះប៉ូលិសចាំតំបន់ចាប់ផ្តើមឃាត់រថយន្តដឹកទំនិញឆ្លងដែនហើយឆែតឆេររកក្រដាស់ស្នាមបើគ្មានទេគឺសុំផាកចាប់ពី១០ទៅ១៥មឺុន ទង្វើបែបនេះបង្កឲ្យអ្នករកសីុដឹកទំនិញស្ទើលៀនអណ្តាតជិតមួយចង្អាមទៅហើយ។
ក្រុមអ្នករកសីុដឹកទំនិញជាច្រើនបានលើកឡើងថា កាលពីមុនការចរាចរទំនិញឆ្លងកាត់ការទាមទារតម្លៃត្រឺមតែ៦០០០០ទៅ៨០០០០រៀលប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះប៉ូលិសអន្តោប្រវេសន៍បានសុំកៀបយកចាប់ពី១០មឺុនទៅ១៥មឺុនក្នុង១រថយន្ត ដែលជាហេតុធ្វើឲ្យអ្នករកសីុជួបការលំបាកកាន់តែខ្លាំង។ពួកគាត់បានលើកឡើងទៀតថាកាលកន្លងមកការដឹកទំនិញឆ្លងកាត់តាមរថយន្ត ឬម៉ូតូបានយ៉ាងស្រួល ដោយគ្រាន់តែបង់លុយថ្លៃម្ហូបដល់មន្ត្រីយាមច្រកទ្វារបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែលើកនេះក្រោយពីលោក ហាន សុផល ប្រធាន
ប៉ូលិសអន្តោប្រវេសន៍ត្រូវវេចបង្វិចចាកចេញ ហើយតែងតាំងលោក ណុប សារឹម ជាប្រធានមកនោះ ក៏ស្រាប់តែរៀបផែនការត្រួតពិនិត្យឆែកឆេរទំនិញតែម្តង ការអនុវត្តបែបនេះស្ទើហួសព្រំដែនទៅហើយ។ពួកគាត់បានបញ្ជាក់ទៀតថា ឥឡូវនេះមន្ត្រីប៉ូលិសអន្តោប្រវេសន៍ចាប់ផ្តើមប្រើធម៌ក្តៅដោយឃាត់ទំនិញដែលដឹកតាម រថយន្តដែលឆ្លងដែនពីប្រទេសវៀតណាមមកស្រុកខ្មែរសួររកបង្កាន់ដៃបង់ពន្វ លុះម្ចាស់រថយ្តយកឯកសារមកបង្ហាញ ស្រាបតែមន្ត្រីប៉ូលិស
អន្តោប្រវេសន៍ក៏បង្វែសួររកឯកសារពាក់ព័ន្ធមួយចំនួនទៀតទៅវិញ។ទង្វើបែបនេះអាចបញ្ជា្ក់ថាសុទ្ធតែជាល្បិចរកលុយដាក់ក្នុងហោប៉ៅ ដែលកន្លងមកគេមិនដែលជួបបញ្ហាបែបនេះទាល់តែសោះ។
ម្ចាស់រថយន្តដែលដឹកទំនិញឆ្លងកាត់តាមច្រកទ្វារខាងលើបានបញ្ជាក់ថា កន្លងមកថ្វីត្បិតការចរាចរណ៍ទំនិញមានឯកសារបង់ពន្ធទៅហើយក្តី ក៏ត្រូវបង់ជូនដល់ស្ថាប័នប៉ូលិសអន្តោប្រវេសន៍ចំនួន៨០០០០រៀលក្នុង១រថយន្តដែរ ប៉ុន្តែលើកនេះ
ប៉ូលិសអន្តោប្រវេសន៍បែរជាទាមទារកមបាលឡានមួយរហូតដល់ទៅ១៥មឺុនរៀលហើយបើមិនបង់ទេគឺមិនអាចដឹកទំនិញឆ្លងកាត់តាមច្រកនេះបានឡើយ។
បើតាមការឆ្លើយតបពីមន្ត្រីប៉ូលិសច្រកទ្វារអន្តរជាតិព្រែកចាកបានលើកឡើងថា ការអនុវត្តបែបនេះគឺធ្វើឡើងតាមបញ្ជារបស់មេកើយដែលទើបតែទទួលតំណែងថ្មី ដោយតម្រូវឲ្យមន្ត្រីក្រោមឱវាទអនុវត្តឲ្យបានប្រសិទ្ធភាព ដើម្បីជួយទប់ស្កាត់នូវការចរាចរទំនិញគេចពន្ធឆ្លងដែន ហើយការឃាត់ទំនិញនេះគឺដើម្បីត្រួតពិនិត្យខ្លាចក្រែងមានទំនិញដឹកឆ្លងដែនមិនបង់ពន្ធដែលជាកក្តាមួយបាត់ចំណូលពន្ធរដ្ឋ។
ទាក់ទិននឹងករណីខាងលើកន្លងមកលោក ណុប សារឹម ប្រធានប៉ូលិសអន្តោប្រវេសប្រចាំច្រកទ្វារខាងលើបានប្រាប់កម្ពុជាថ្មីថា លោកពុំបានបង្គាប់បញ្ជាឲ្យកូនចៅធ្វើបែបនេះឡើយ ប៉ុន្តែចាំលោកសាកសួរទៅមន្ត្រីក្រោមឱវាទសិន។
ដោយឡែកបើតាមសេចក្តីរាយការណ៍ពីក្រុមអ្នករកសីុដឹកទំនិញដដែលក៏បានបង្ហើបផងដែរថា ក្រៅពីទទួលរងនូវសម្ពាធរបស់មន្ត្រីប៉ូលិសអន្តោប្រវេសន៍ ក៏មានការកៀបសង្កត់
យ៉ាងធ្ងន់ធ្ងរពីស្ថាប័នគយប្រចាំច្រកទ្វារអន្តរជាតិព្រែកចាក ដែលគ្រប់គ្រងដោយលោក ទន់ ចាន់ធី ដូចជាការទាមទារកម្រៃក្រៅសេវាដ៏ច្រើនលើសលប់ ថែមទាំងបណ្តែតបណ្តោយឲ្យទំនិញគេចពន្វឆ្លងកាត់ជារៀងរាល់យប់ ដោយតម្រូវឲ្យអ្នករកសីុបង់លុយស្ងាត់ៗ។លើសពីនេះរថយន្តខ្នាតធំជាច្រើនដែលដឹកស្ទើបាក់ជន្ទាសគឺបង់ពន្វប្រមាណ៤០%ប៉ុណ្ណោះ ក្រៅពីនោះគឺលោកប្រេធានស្នាក់ការសុំញាំុក្រៅខ្ទង់ហើយ៕



































