កំពង់ធំ÷ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី ទឹម សុខអ៉ីម អភិបាលរង និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងសែន បានដឹកនាំក្រុមការងារអនុសាខា ចុះសួរសុខទុក្ខដល់គ្រួសាររងគ្រោះដោយអគ្គីភ័យឆាប់ឆេះផ្ទះមួយខ្នងឆេះអស់ទាំងស្រុង ស្ថិតនៅភូមិបល្ល័ង្គលិចសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
តាមរបាយការណ៍របស់លោកស្រី ទឹម សុខអ៉ីម អភិបាលរងក្រុងស្ទឹសែន បានបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ ឯម ឃុន ភេទប្រុស អាយុ៦៨ឆ្មាំ មានសមាជិកចំនួន ១នាក់ ផ្ទះទំហំ០៤ម៉ែត្រ ×០៥ម៉ែត្រ ដំបូលប្រក់ស្បូវ ជញ្ជាំងស័ង្កសី រនាបឬស្សីឆេះអស់ទាំងស្រុង។ សម្ភារៈដែលខូចខាតរួមមាន÷ ចាន ឆ្នាំង ខោអាវ ថវិកា៩០ម៉ឺនរៀល និង០៧ដុល្លា រសហរដ្ឋអាមេរិក រស់នៅភូមិបល្ល័ងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ឆេះកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១០.១៩នាទីព្រឹក មូលហេតុដោយផ្ទុះសេរខ្សែភ្លើង។ជាមួយគ្នានេះផងដែរលោកស្រីអភិបាលរងក្រុងស្ទឹងសែន បានចូលរួមសោកស្ដាយចំពោះអគ្គីភ័យដែលបានឆេះផ្ទះមួយខ្នងនេះអស់ទាំងស្រុង ធ្វើឱ្យបាត់បង់នៅទ្រព្យសម្បត្តិជាច្រើន ដែលមិនបានជួយសង្គ្រោះទាន់ពេលវេលា សូមលើកទឹកចិត្តដល់ម្ចាស់ផ្ទះ មានស្មារតីរឹងមាំឡើងវិញ កត្តាធម្មជាតិតែងតែកើតមានឡើង ដោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យមានហេតុការណ៍នេះកើតឡើង។ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់បុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខនេះ មានការប្រុងប្រយ័ត្នចំពោះភ្លើងធូប ទៀន ឬភ្លើងចង្ក្រាន អាចកើតឡើងជាយថាហេតុ។
គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងសែន បានប្រគល់ជូនដល់គ្រួសារដែលភ្លើងឆេះផ្ទះអស់ទាំងស្រុងរួមមាន÷ អង្គរ២៥គីឡូក្រាម តង់០១ កន្ទេល០១ មុង០១ ភួយ០១ ខ្នើយ០១ ធុងដាក់ទឹក០១ ស្រាក់០១ ចានបាយ០៤ ចានសំល០៣ កំសៀវដាំទឹក០១ ឆ្នាំងដាំបាយ០១ ឆ្នាំងសំល០១ ចានដែកលាងចាន០១ បំពង់ទឹកក្តៅ០១ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ វែកសំល០១ វែកបាយ០១ ស្លាបព្រា០៥ ឆ្នាំងខ្ទះ០១ និងថវិកាចំនួន១០០.០០០រៀល និងថវិកាសេវាសង្គមសង្កាត់ដំរីជាន់ខ្លា ១០០.០០០រៀលផងដែរ។ អត្ថបទលោក ធូ កែវមុន្នី