ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១

0

កំពង់ធំ៖ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចគ្នានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្ត លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ធំ និងលោក អ៊ួង សារឿន អភិបាលស្រុកបារាយណ៍ និមន្តនិងអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៅស្រុកបារាយណ៍ ដែលមានអ្នកចូលរួមប្រមាណ ៣៤៣អង្គ/នាក់ នៅវត្តត្រពាំងជ្រៃ ឃុំបល្ល័ង្កស្រុកបារាយណ៍ ខេត្តកំពង់ធំ នេះគឺជាស្រុក-ក្រុងទី៨ ក្នុងចំណោម ក្រុង-ស្រុកទាំង ៩ ក្នុងខេត្តកំពង់ធំ ដែលមន្ទីរធម្មការនិងសាសនា សហការជាមួយសាលាគណខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។
ជាមួយគ្នានេះផងដែរលោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ធំ បានលើកឡើងថា ខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ដែលបានផ្សព្វផ្សាយនាវេលានោះ រួមមាន៖ ១-គណៈសង្ឃគ្រប់ជាន់ថ្នាក់គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ត្រូវពង្រឹងយន្តការដែល មានស្រាប់និងកែលម្អបន្ថែមលើការដឹកនាំបព្វជិត ភិក្ខុ សាមណេរ ឱ្យស្ថិតក្នុងវិន័យ សីលធម៌និងអភិសមាចារក្តិសមជាសមណសក្យបុត្ដិយ៍នៃពុទ្ធសាសនាថេរវាទកម្ពុជានិងជាបុញ្ញខេត្តដ៏ល្អ។ ២-បន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំនិងពង្រឹងពុទ្ធិកបឋមសិក្សាឱ្យបានរឹងមាំ មាននិរន្តរភាព និងគុណភាពខ្ពស់។ ៣-ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា មានភារកិច្ចសហការជាមួយអត្តាធិការដ្ឋាន ពុទ្ធិកសិក្សាជាតិ ក្នុងការរៀបចំដាក់បញ្ចូលមេរៀនសមាង-វិបស្សនានិងការបដិបត្តិជាក់ស្ដែងក្នុងកម្មវិធីសិក្សា s សាលាពុទ្ធិកៈគ្រប់កម្រិតជាជំហ៊ានៗ។ ៤-គណៈសង្ឃគ្រប់លំដាប់ថ្នាក់បន្តលើកទឹកចិត្តមន្ត្រីសង្ឃនិងព្រះសង្ឃនៅទូទាំងប្រទេស ដើម្បីចុះ អប់រំសីលធម៌ ចរិយាធម៌ និងធម្មវិជ្ជាដល់កុលបុត្រកូលជីតាខ្មែរក្នុងសាលាសាធារណៈ (សាលារបស់រដ្ឋ) និង តាម សហគមន៍នានាដើម្បីលើកកម្ពស់គុណធម៌ សីលធម៌ សុជីវធម៌ សង្គហធម៌ ព្រហ្មវិហារធម៌ សុចរិតធម៌ និងការ ចែករំលែកជាវិជ្ជមានក្នុងសង្គម។៥-អំពីការផ្សព្វផ្សាយព្រះធម៌របស់បព្វជិត ភិក្ខុ សាមណេរ ជាធម្មកថិកអ្នកសម្តែងធម៌ត្រូវធ្វើឡើង ឱ្យ ស្របតាមក្រឹត្យក្រមធម៌វិន័យរបស់អ្នកបួស មិនត្រូវប្រាសចាកអង្គនៃធម្មកថិក មិនគប្បីមានមោទនភាពជ្រុល ក្នុងការសម្តែងធម៌ មិនត្រូវសម្តែងក្នុងន័យវាយប្រហារបំបាត់ប្រពៃជាទំនៀមទម្លាប់ខ្មែរដ៏ល្អ ដោយប្រកាន់ថា ខ្លួនបរិសុទ្ធ។
៦-សម័យកាលនេះជាសម័យកាលសាកលភាវូបនីយកម្ម ក្នុងនោះប្រព័ន្ធបច្ចេកវិទ្យាមានលក្ខណៈទំនើបហើយត្រូវបានប្រើប្រាស់ជាមធ្យោបាយ ដើម្បីទាញយកផលប្រយោជន៍វិជ្ជមានជាច្រើនដល់សង្គមមនុស្សផលអវិជ្ជមានក៏បានកើតមានឡើងក្នុងវឌ្ឍនភាពនៃប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះផងដែរ។៧-ក្នុងព្រះរាជាណាចក្រកម្ពុជា ពិតជាសម្បូរទៅដោយប្រាសាទបុរាណ និងវត្តអារាមចំណាស់ៗ ដែល មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ព្រមទាំងវត្តអារាមសាងថ្មីជាច្រើនទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ប្រាសាទបុរាណមួយចំនួន ត្រូវបានចុះបញ្ជីបេតិកភ័ណ្ឌជាតិនិងសម្បត្តិបេតិកភ័ណ្ឌពិភពលោក ។

ក្នុងឱកាសដ៏វិសេសវិសាលនោះផងដែរ ព្រះមេគណខេត្តកំពង់ធំ មានសង្ឃដីកាថាផ្សព្វផ្សាយឯកសារផ្សេងៗ ដែលពាក់ព័ន្ធដល់ការគ្រប់គ្រង់វត្តអារាមមានៈ ការធ្វើប្លង់មេវត្តការធ្វើបញ្ជីសារពើភ័ណ្ឌរបស់វត្ត ការចុះបញ្ជីប្លង់ដីវត្ត បញ្ចៀសនូវរាល់អធិករណ៍ផ្សេងៗ ការប្រើប្រាស់បណ្តាញសង្គម និងគ្រឿងអេឡិចត្រូនិច របស់ភិក្ខុ សាមណេរ ឲ្យមានប្រយោជន៍ជាដើម ដើម្បីប្រែក្លាយវត្តអារាមជាបូជនីយដ្ឋាន ជាមូលដ្ឋានគ្រឹះនៃសីលធម៌សង្គម និងវប្បធម៌ជាតិ ព្រមទាំងបានសាកសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះសង្ឃជាព្រះគ្រូចៅអធិការ ព្រះគ្រូសូត្រស្តាំ ឆ្វេង ភិក្ខុ សាមណេរអជ្ញាធរមូលដ្ឋាន លោកអាចារ្យ គណៈកម្មការ គ្រប់វត្តទូទាំងស្រុកបារាយណ៍ ដែលបាលលះបង់ពេលវេលាដ៏មានតម្លៃ៕