ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន បើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល៥ មណ្ឌលភូមិភាគ២

0

កំពង់ចាម: ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោត ព្រឹទ្ធសភា នីតិកាល៥ មណ្ឌលភូមិភាគ២ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល៥ មណ្ឌលភូមិភាគ២ នៅខេត្តកំពង់ចាម ដោយមានការអញ្ញើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម សមាជិកគណៈអចិន្ត្រៃយ៏ និងសមាជិកគណៈកម្មាធិការគណបក្សរខេត្ត ព្រមទាំងអង្គបោះឆ្ពោះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀមស ប្រមាណ ១២០០នាក់ ។

បន្ទាប់ពីការអានសុន្ទកថាស្វាគមន៍ របស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នាឱកាសនោះដែរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភានិងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំទាំងអស់ដែលបានយកចិត្តកចិត្ត ទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានបានល្អធ្វើឲ្យប្រជាពលរដ្ឋស្រឡាញ់ និងគាំទ្រដល់ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចហ៊ុន សែន ជាប្រមុខដឹកនាំ ដោយការបោះឆ្នោតមានគាំទ្រដល់គណបក្សប្រជាជនកម្ពុជាយើងយ៉ាងច្រើនលើសលប់ បានជម្រុញឲ្យគណបក្សយើងបន្តអំណាច និងបំពេញបេសកកម្មបម្រើជាតិមាតុភូមិក្រោមម្លប់ត្រជាក់នៃសុខសន្តិភាព ស្ថានភាពនយោបាយ និងការអភិវឌ្ឍន៍លើកគ្រប់វិស័យ។

ជាមួយគ្នានោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណាត្រូវការពារនិងថែរក្សានៅសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណះឲ្យបានល្អគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យការបោះឆ្នោត ប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវនិងយុត្តិធម៌។ ដើម្បីជោគវាសនារបស់ប្រទេស និងប្រជាជនយើង សូមឲ្យអង្គបោះឆ្នោតទាំងអស់ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗ គ្នានៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ។

គួរបញ្ជាក់ផងដែរថា នៅភូមិភាគទី២ (ខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ) មានគណបក្សនយោបាយចំនួន០៤ បានចុះបញ្ជី គណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ចំពោះយុទ្ធនាការឃោសនា គឺមានរយៈពេល ១៤ថ្ងៃ (ចាប់ពីថ្ងៃទី១០ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ២០២៤) ដែលមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ បានធ្វើពិធីដង្ហែរក្បួនមានលក្ខណៈទ្រង់ទ្រាយធំជាងគេ ដោយឡែកគណបក្សនយោបាយផ្សេងៗ ចំនួន៣ទៀត មិនមានសកម្មភាពអ្វីធំដុំគួរឲ្យកត់សម្គាល់នោះទេ ៕