ឈបិទផ្លូវឲ្យគ្រឿងចក្រជាច្រើនគ្រឿងរបស់ឈ្មោះ គង់ វុន ជាថៅកែភ្លើងអគ្គិសនីស្រុកជីក្រែងចូលឈូសឆាយដីរដ្ឋនៅចំណុច ត្រពាំងរងាវកក និង ត្រពាំងត្រាវធំត្រូវបានទម្លាយអាថ៌កំបាំងហើយ

0

ដោយ អ៊ុក ផ្លុង
សៀមរាប÷ ការងឿងឆ្ងល់របស់ប្រជាពលរដ្ឋរឿងក្រុមហ៊ុន មិនឲ្យពួកគាត់ចូលទៅចំណុចត្រពាំងរងាវកក និងត្រពាំងត្រាវធំ ស្ថិតក្នុងភូមិរូងថ្មី ឃុំ ល្វែងឬស្សី ស្រុក ជីក្រែង ខេត្ត សៀមរាប។ ឥឡូវនេះត្រូវបានទម្លាយអាថ៌កំបាំងហើយ តាមពិតសម្ងំយកគ្រឿងចក្រទៅឈូសឆាយ ដីព្រៃរបស់រដ្ឋ នៅចំណុចត្រាវធំ រាប់ហិចតា ទើបដាក់កម្លាំងការពារមិនឲ្យប្រជាពលរដ្ឋចូលទៅកាន់ទីនោះ។ ប៉ុន្តែចុងក្រោយត្រូវបាន ពួកគាត់កើតមិនសុខចិត្តក៏នាំគ្នាលួចចូលទៅមើលទើបដឹងថាកន្លែងនោះមានការឈូសឆាយដីព្រៃអស់យ៉ាងច្រើនសម្បើម។ បញ្ហានេះគឺជារឿង<< ដំរីស្លាប់ យកចង្អេទៅបាំង>> បើយោងតាមសម្តីរបស់ប្រជាពលរដ្ឋ និងសារព័ត៌មានដែលបានចុះព្រោងព្រាតថាអ្នកដែលបានឲ្យគ្រឿងចក្រជាច្រើនគ្រឿងចូលឈូសឆាយដីរដ្ឋនៅចំណុចនោះ ឈ្មោះ គង់ វុន ជាថៅកែភ្លើងអគ្គិសនីស្រុកជីក្រែងបច្ចុប្បន្នរស់នៅភូមិ កំពង់ក្ដី ១ ឃុំ កំពង់ក្ដី ស្រុកជីក្រែងបានឃុបឃិតជាមួយមន្ត្រីជំនាញ និងអាជ្ញាធរដែនដីដោយយកពាក្យថាក្រុមហ៊ុនមកប្រើ ដើម្បីគំរាមកំហែងប្រជាជនមិន ឲ្យដឹងនូវសកម្មភាពរបស់ខ្លួនកំពុងតែធ្វើ។ ពាក់ព័ន្ធករណីខាងលើនេះលោក វង្សាំង សំរិត ( ហុង ដា) នាយសង្កាត់រដ្ឋបាលព្រៃឈើ កំពង់ក្ដី បានបកស្រាយថាលោកមិនបានដឹងរឿងនេះមកពីមុនទេទើបតែដឹង ប៉ុន្តែរដ្ឋបាលស្រុកជីក្រែង នឹងដឹកនាំកម្លាំងចម្រុះចុះទៅពិនិត្យមើលឆាប់ៗ១ ថ្ងៃ រឺ ២ថ្ងៃខាងមុខ។ លោក យុន ប្រុស មេ ឃុំ ល្វែងឫស្សី បំភ្លឺថា លោកមិនបានឃុបឃិតដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋ និងការចុះផ្សាយរបស់អ្នកសារព័ត៌មានទេ លោក បន្តថាលោកបានរាយការណ៍ទៅសាលសស្រុកតាំងតែពីលោកទទួលតំណឹងថាមានគ្រឿងចក្រចូលឈូសឆាយថ្ងៃដំបូងម្ល៉េះ។ ជាចុងក្រោយ មានតែរងចាំមើលទេថា តើ អាជ្ញាធរស្រុកជីក្រែង មានចំណាត់ការយ៉ាងណា ចំពោះលោក គង់ វុន ? បើ លោកគង់ វុន បានប្រព្រឹត្តដូចអ្វីដែលប្រជាពលរដ្ឋបានចោទប្រកាន់? ទន្ទឹម នឹងនោះដែរ អ្នកសារព័ត៌មាន មិនបានសុំការបកស្រាយ ពី លោក គង់ វុន ថៅកែ អគ្គិសនីស្រុកជីក្រែង ទេ ព្រោះ គ្មានលេខទូរស័ព្ទ។ អង្កភាពយើងខ្ញុំ រងចាំការបកស្រាយរបស់លោក គង់ វុននៅពេលក្រោយរៀងរាល់ម៉ោងធ្វើការ ៕