ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ  ដែលកើតមានឡើងនៅលើឆាកអន្តរជាតិ ក្នុងតំបន់ និងការអភិវឌ្ឍរីកចម្រើនថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជា និងអប់រំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដែលពីធីផ្សព្វផ្សាយនេះបានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពីដំណើរទស្សនកិច្ចផ្លូវការ ដើម្បីរឹតចំណងមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូ នៅព្រះរាជាណាចក្រថៃឡង់  ដែលត្រូវបានទទួលការស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅជាទីបំផុត ពីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃឡង់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជានិងក្រើនរំលឹក ដល់នាយទាហាននាយទាហានរង និងពលទាហានទាំងអស់ ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនា ព្រះមហាក្សត្រ ការពារឲ្យបានបូរណភាពទឹកដី និងដាច់ខាតការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត។

ឧត្តមសេនីយ៍ទោ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពង្រឹងតួនាទីភារកិច្ចរបស់យោធិនគ្រប់រូប  ត្រូវបំពេញភារកិច្ចស្របតាមច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ។ ហើយត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ក្នុងករណីមានយោធិនណាម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានលុបឈ្មោះចេញពីបញ្ជីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ និងត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕