កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ដឹកនាំក្រុមការងារបានចុះផ្សព្វផ្សាយ និងហាមដាច់ខាតចំពោះជនខិលខូចណា ដែលមករុករានទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់បី ក្នុងភូមិសាស្ត្រស្រុកតាំងគោកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ។
ការចុះផ្សព្វផ្សាយនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលលោកអភិបាលស្រុក និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋកំពុងតែអាស្រ័យផល ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។
លោកអភិបាលស្រុកតាំងគោក បានលើកឡើងថា ការចុះត្រួតពិនិត្យទីតាំងធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណង គឺការពិនិត្យបោះបង្គោលព្រំដីដែលឆ្វៀលហើយ និងមិនទាន់ឆ្វៀល ប្រសិនបើបងប្អូនមានក្បាលដីជាប់នឹងក្បាលដីរដ្ឋ សូមកុំរូករានទន្ទ្រានបន្តទៀត ត្រូវមានការទទួលខុសត្រូវដោយខ្លួនឯង មិនធ្វើឱ្យបាត់បង់ព្រៃលិចទឹកដែលជាជម្រកនៃត្រី និងសត្វគ្រប់ប្រភេទផងដែរ។
ជាចុងក្រោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលអាស្រ័យផលស្រែប្រាំងនៅដីតំបន់បី ដែលបានឆ្វៀលហើយ សូមរក្សាឱ្យបានល្អ ហាមជាដាច់ខាតមិនឱ្យបន្តការទន្ទ្រានយកដីរបស់រដ្ឋទៀតឡើយ។ ជាក់ស្ដែងប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឃើញសកម្មភាពដែលជនខិលខូចកំពុងតែធ្វើសកម្មភាព អ្វីមួយនៅលើដីតំបន់បីដែលជាដីរបស់រដ្ឋសូមរាយការណ៍មកអាជ្ញាធរមូលដ្ឋានដើម្បីចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។ អត្ថបទ មី សុខម៉េង