សៀមរាប៖ ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីស្ថិតនៅភូមិក្រសាំង ភូមិពពិស និងភូមិបឹង ក្នុងសង្កាត់ក្របីរៀលក្រុងសៀមរាបទទួលបានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី )ពីអាជ្ញាធរខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ ។ ពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(បណ្ណកម្មសិទ្ធិដីធ្លី) ប្រារព្ធធ្វើនៅបរិវេណវត្តព្រៃផ្តៅ ស្ថិតនៅភូមិក្រសាំង ក្រោមវត្តមានចូលតរួមពីសំណាក់លោកជំទាវ ទិត្យ ច័ន្ទការីន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងលោក សុខ ថុល អភិបាលរងខេត្តសៀមរាប ។ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ខេត្តសៀមរាបបានមានប្រសាសន៍ថាការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(បណ្ណកម្មសិទ្ធិដីធ្លី) ដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីស្ថិតសង្កាត់ក្របីរៀលគឺមាន៖ ភូមិក្រសាំង មានក្បាលដីសរុប ១.០១៩ដែលក្នុងនោះក្បាលដីចំនួន៨០៩អាចចេញបណ្ណកម្មសិទ្ធិជូនបាន ភូមិពពិស មានក្បាលដី សរុប១.០១៣ ដែលក្នុងនោះក្បាលដីចំនួន៦៥៩អាចចេញបណ្ណកម្មសិទ្ធិជូនបាននិងភូមិបឹងមានក្បាលដីសរុប១.៥៧១ដែលក្នុងនោះក្បាលដីចំនួន១.៤០៧អាចចេញបណ្ណកម្មសិទ្ធិជូនបាន ។ លោក ហ៊ី សាយ បានបន្តទៀតថាចំពោះក្បាលដីដែលធ្វើការប្រគល់បណ្ណកម្មសិទ្ធិជូននៅពេលនេះគឺចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដីជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យនិងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ដើម្បីឈានទៅដល់ការចេញបណ្ណ ជូនម្ចាស់ដីជាបន្តទៀត។ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថាមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) ដល់ប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់ប្រជាពលរដ្ឋ ឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវបង្កភាព ស្មុគស្មាញជូនប្រជាពលរដ្ឋឡើយ។ ក្នុងនាមអាជ្ញាធរខេត្តលោកសូមថ្លែងអំណរគុណចំពោះ បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹកនៅក្នុងដំណើរការចុះបញ្ជីដីធ្លីហើយឈានដល់ដំណាក់កាលចេញនិងចែកបណ្ណនាថ្ងៃនេះ។ លោកបន្តថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺជាឯកសារគតិយុត្តមួយដែលគ្មានអាជ្ញាយុកាល និងមានតម្លៃ សម្រាប់រដ្ឋ ក៏ដូចជាប្រជាពលរដ្ឋ ជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដីទទួលបាននូវសារៈប្រយោជន៍ដូចជា៖ រដ្ឋគ្រប់គ្រងដីធ្លី ទាំងដីរដ្ឋ និងដីឯកជន ងាយស្រួលក្នុងការងាររៀបចំដែនដី និងរដ្ឋបាលដីធ្លីការបែងចែកដី ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នឹងកាត់បន្ថយបាននូវទំនាស់ដីធ្លី . ធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ. ទទួលបាននូវសិទ្ធិស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាកដដែលត្រូវបានការពារដោយច្បាប់និងធានាដោយរដ្ឋ . ប្រជាពលរដ្ឋអាចប្រើប្រាស់បណ្ណកម្មសិទ្ធិដីដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរ ឬ អាជីវកម្មលើ ដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ ព្រមទាំងមានសុវត្ថិភាពក្នុងការកាន់កាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ហើយគ្មានជនណា អាចមករំលោភ បំពាន ឬធ្វើការដកហូតបានឡើយ ។
លោកជំទាវ ទិត្យ ច័ន្ទការីន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែគិតគូរជានិច្ចនូវតម្រូវការ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយដាក់បទបញ្ជាឱ្យ អាជ្ញាធរគ្រប់រាជធានី-ខេត្ត ត្រូវមើលពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានដិតដល់បំផុត។ហើយសម្តេចតែងតែដាក់ចេញនូវយន្តការមួយច្បាស់លាស់សម្រាប់ការដឹកនាំ ពិសេសជំរុញការផ្ដល់សេវាសាធារណៈផ្សេងៗជូនពលរដ្ឋ ធ្វើយ៉ាងបង្ខិតឱ្យជិតជាមួយនឹងតម្រូវការរបស់ប្រជាពលរដ្ឋដល់ខ្នងផ្ទះ មិនឱ្យពលរដ្ឋធ្វើដំណើរ ទៅទទួលសេវាឆ្ងាយ។ លោកជំទាវបានបញ្ជាក់ថា ការចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថិរភាពសង្គម។លោកជំទាវ ទិត្យ ច័ន្ទការីន ក៏បានមានប្រសាសន៍ស្នើដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ឋ សូមថែរក្សាបណ្ណនេះឱ្យបានល្អ ហើយសូមឱ្យខិតខំថែរក្សាសារដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅរបស់យើងទៅខាងមុខផងដែរ៕